ជំទាវ ចន ច័ន្ទលក្ខិណា បកស្រាយមន្ទិល ពាក់ព័ន្ធរឿងអ្នកសិល្បៈមួយចំនួន មិនទទួលបានគ្រឿងឥស្សរិយយស
មហាជនអ្នកតាមដានវិស័យសិល្បៈ ច្បាស់ជាបានដឹងហើយកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ មានកម្មវិធីពិសាអាហារសាមគ្គី និង បំពាក់គ្រឿងឥស្សរិយយសមួយបានប្រព្រឹត្តឡើងដើម្បីជូនដល់លោកគ្រូ អ្នកគ្រូ សិល្បករ និង សិល្បការិនី។
យ៉ាងណាមិញ មុននឹងកម្មវិធី និង ក្រោយកម្មវិធីបំពាក់មេដាយបានបញ្ចប់ គេក៏ឃើញមានសិល្បករ សិល្បការិនីមួយចំនួនបានបង្ហាញអារម្មណ៍ខកចិត្ត ដោយពួកគេមួយចំនួនបានប្រឡូកវិស័យសិល្បៈយូរហើយ តែមិនទទួលបានគ្រឿងឥស្សរិយយសនឹងគេ។
ជាមួយនឹងសំណួរទាំងអស់នោះ មហាជន ជាពិសេស សិល្បករ សិល្បការិនីជាច្រើន បានលើកយកមកវែកញែក និង បញ្ចេញមតិរៀងៗខ្លួន ដោយខ្លះលើកឡើងថា អ្នកដែលទទួលបាន គឺអាចនឹងមានខ្សែ ឬជាបក្សពួកតែមួយជាដើម។
ដោយឡែក នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារសុំទោស ទៅកាន់អតីតតារាចម្រៀង ឈិន សុធារី ពាក់ព័ន្ធនឹងការផ្តល់មេដាយឥស្សរិយយសនោះ ព្រមទាំងបានបញ្ជាក់ពីមូលហេតុ ដែលសិល្បករជាច្រើនមិនទទួលបានមេដាយ។
ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាបថា៖ «សមាគមសិល្បករខ្មែរ សូមជម្រាបជូនចំពោះលោកស្រី ឈិន សុធារី ឱ្យបានជ្រាបថា កន្លងមកសមាគមបានបញ្ជូនឈ្មោះសមាជិកសមាជិកា ដែលមានសកម្មភាពជាមួយសមាគមមួយចំនួនធំ ដើម្បីឱ្យគណៈកម្មការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ វាយតម្លៃ ដើម្បីទទួលបានមេដាយ ឬក៏អត់។ សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ គ្រាន់តែជាផ្នែកមួយក្នុងការបញ្ជូនសមាជិករបស់ខ្លួនទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប៉ុណ្ណោះ។ ហេីយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអ្នករៀបចំវាយតម្លៃ ដើម្បីជូនមេដាយទៅកាន់សិល្បករគ្រប់ទម្រង់ រួមទាំងសមាគមផ្សេងៗទៀតដែលជ្រកក្រោមក្រសួងផងដែរ។ អាស្រ័យហេតុនេះ សូមលោកស្រីមេត្តាយោគយល់អធ្យាស្រ័យ Chhin Chantheary ST»។
សំណេររបស់ជំទាវ ចន ច័ន្ទលក្ខិណា បង្ហោះឡើងមិនត្រឹមតែមានបំណងសុំទោសទៅកាន់ អ្នកនាង ឈិន សុធារី តែម្នាក់ទេ ប៉ុន្តែក៏មានអត្ថន័យចង់បញ្ជាក់ ដើមទងនៃការទទួលបាន និង មិនទទួលបានរឿងឥស្សរិយយសសម្រាប់សិល្បករ សិល្បការិនីដទៃទៀតផងដែរ៕