ផលិតកម្មបារមី លើកសរសើរបែបនេះ ក្រោយ សុខគា គីមលាង យកបទ «បួងសួង» ធ្វើជាភ្លេងផាត់មុខ Trend
ជាការពិតណាស់ ក្រោយពីមានការបំផុសគំនិតក្នុងការលេងតាម Trend លេីបណ្តាញសង្គម TikTok នោះ គេក៏បានឃើញមានសិល្បការិនីមួយចំនួន បានចាប់ផ្តេីមបង្ហាញការលេង Apsara Make Up និង ឈុតបុរាណផ្សេងទៀត។
ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញតារាស្រីល្បីឈ្មោះ សុខគា គីមលាង បញ្ចេញវីដេអូ Khmer Make Up Trend នេះដែរ គឺនាងបានតុបតែងទ្រង់គ្រឿងជាអប្សរា និង ជាយក្សស្រី ដែលកាត់តជាមួយបទភ្លេងខ្មែរ ចម្រៀងបទ «បួងសួង» របស់កញ្ញា ឡរ៉ា ម៉ម យ៉ាងស៊ីចង្វាក់ជាមួយការ Make Up នេះ ដោយកំពុងទទួលបានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជន។
ជាងនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ ក្រោយពីតារាស្រី សុខគា គីមលាង បានលើកយកបទ «បួងសួង» ដែលជាការបកស្រាយរបស់កញ្ញា ឡរ៉ា ម៉ម នោះ ស្រាប់តែផលិតកម្មបារមី បានចេញមកចែករំលែកវីដេអូនោះ និង អមដោយសារយ៉ាងមានអត្ថន័យ។
ផលិតកម្មបារមី បានរៀបរាប់ថា៖ «វប្បធម៌របស់យើងពិតជាស្រស់ស្អាត អស្ចារ្យ និង ថ្លៃថ្នូរខ្លាំងណាស់។ អរគុណ Kon Ant ដែលបានផ្ដើមធ្វើវីដេអូលើកតម្កើងសិល្បៈខ្មែរយើងឱ្យកាន់តែល្បីសុសសាយ ពួកយើងពិតជាចង់ឃើញមាតិកាបែបនេះបន្តទៀត»៕
ភ្លាមនោះដែរ ម្ចាស់សាម៉ីខ្លួនក៏មិនបង្អង់យូរ កញ្ញា សុខគា គីមលាង ក៏បានចូលទៅបញ្ចេញមតិអរគុណទៅកាន់ផលិកម្មបារមីថា៖ «អរគុណបងខ្ញុំនឹងខំប្រឹងថែបន្ត ណាបង»៕