ឃើញមានអ្នកសិល្បៈច្រើនលើកឡើងថាចូលសិល្បៈយូរអត់បានមេដាយនឹងគេ អ្នកនាង ខាត់ សុឃីម ឆ្លេីយតបប៉ុន្មានចំណុចនេះភ្លែត
មហាជនអ្នកតាមដានវិស័យសិល្បៈ ច្បាស់ជាបានដឹងហើយកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ មានកម្មវិធីពិសាអាហារសាមគ្គី និង បំពាក់គ្រឿងឥស្សរិយយសមួយបានប្រព្រឹត្តឡើងដើម្បីជូនដល់លោកគ្រូ អ្នកគ្រូ សិល្បករ និង សិល្បការិនី។
យ៉ាងណាមិញ មុននឹងកម្មវិធីខាងលើចាប់ផ្តើម គេក៏ឃើញមានសិល្បករ សិល្បការិនីមួយចំនួនបានបង្ហាញអារម្មណ៍ខកចិត្ត ដោយខ្លួនបានប្រឡូកវិស័យសិល្បៈយូរហើយ តែមិនទទួលបានគ្រឿងឥស្សរិយយសដូចគេ។
ជាមួយនឹងសំណួរខាងលើនោះ អ្នកនាង ខាត់ សុឃីម តារាស្រីពហុជំនាញក៏បានបង្ហោះសារឆ្លើយតបនឹងការលើកឡើងខាងលើនោះ ដោយអ្នកនាងបានបញ្ជាក់យ៉ាងខ្លី តែមានអត្ថន័យជ្រាលជ្រៅគួរឱ្យចង់ចាំទុក។ ពិតណាស់ តារាស្រីពហុជំនាញ ខាត់ សុឃីម បានរៀបរាប់ថា ៖ «បង ខ្ញុំលេងសិល្បៈយូរហើយ ម៉េចបានខ្ញុំអត់បានមេដាយនឹងគេអ៊ីចឹងបង (ប្អូនអើយ រកលុយក៏រក សង្គមក៏ត្រូវជួយដែរ ទើបគេឆាប់ស្គាល់) ពិសេសកុំមុខលុយពេក ការងារសង្គមគឺគុណធម៌ មនសិកា តមអំនួត»។
ការឆ្លើយតបរបស់ អ្នកនាង ខាត់ សុឃីម នេះដែរ គេសង្កេតឃើញមានមហាជន ជាពិសេសអ្នកសិល្បៈជាច្រើន ក៏បានបញ្ចេញមតិគាំទ្រផងដែរ។ គួរជម្រាបថា តារាស្រីពហុជំនាញ ខាត់ សុឃីម ក្នុងកម្មវិធី ពិសារអាហារ សាមគ្គី និង បំពាក់គ្រឿឥស្សរិយយស ខាងលើ អ្នកនាង ទទួលបានមេដាយថ្នាក់មហាសេនា៕