អបអរសាទរ! ទីបំផុត ឆាយ វីរៈយុទ្ធ បានឃើញមុខទាយាទទី ២ ហើយ មុខមាត់គួរឱ្យក្នាញ់ ឯឈ្មោះវិញពីរោះណាស់
បន្ទាប់ពីរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ទីបំផុត តារាចម្រៀងប្រុស ឆាយ វីរៈយុទ្ធ និង ភរិយា បានឃើញមុខកូនស្រីដែលជាទាយាទទី ២ ហើយ ពោលគឺភរិយារបស់លោក បានសម្រាលកូនដោយសុវត្ថិភាពហើយ នៅល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ។
នេះបើតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុសរូបនេះ បានបង្ហោះរូបភាពកូនស្រីផ្ទាល់ គឺនាងតូច មានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង និង បានដាក់ឈ្មោះយ៉ាងពីរោះថា វីរៈយុទ្ធ អមរាទេពី ហៅ អាលីណា។
ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ បានភ្ជាប់ជាមួយសាររៀបរាប់ដោយក្ដីរំភើបចិត្តថា ៖ «កូនស្រីឈ្មោះ វីរៈយុទ្ធ អមរាទេពី ហៅ អាលីណា ( Alinna )
– កើតថ្ងៃ ព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំ រោងឆស័ក ពុទ្ធសករាជ ២៥៦៧
– ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤
– វេលាម៉ោង ៦:២០ នាទីល្ងាច
– ទំងន់ ៣.១៩ គីឡូក្រាម
ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ំពូមីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាលីណា (Alinna) និង ម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា»។
ទន្ទឹមនឹងនោះ មហាជន ក៏ដូចជាមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើន បានបញ្ចេញមតិចូលរួមអបអរសាទរដល់លោក និង ភរិយា ដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឱ្យក្នាញ់ផងដែរ៕