(វីដេអូ) ឃើញកំប្លុកកំប្លែងឱ្យគេសើច តែខ្សែជីវិត ឌីជេ កាកា កាលនៅក្មេង ធ្លាប់រើសអេតចាយផង រត់ម៉ូតូឌុបផង
មហាជននិយមតាមដានរឿងខ្លី និង រឿងភាគកំប្លែង ច្បាស់ជាបានស្គាល់មកហើយ ឌីជេ កាកា ដែលជាសមាជិកនិយមសម្តែងជាមួយនឹង លោក ងួន សុបិន្ត និង នាយ គ្រឿន ជាដើម។ ជាពិសេសនោះ ឌីជេ កាកា ក៏ធ្លាប់បានចូលរួមសម្តែងខ្សែភាពយន្តល្បីៗជាច្រើនរួមមាន «ជួបស៊យ» «ព្រលឹងមនុស្សរស់» និង រឿងជាច្រើនទៀត។
មកទល់ពេលនេះរយៈពេលប្រមាណជាង ១០ ឆ្នាំ មកហើយ ដែលមហាជនបានដឹងថា ឌីជេ កាកា បានចូលប្រឡូកលើវិស័យសិល្បៈផ្នែកកំប្លែង តែការពិតទៅ តារាកំប្លែងមុខស្ងួតរូបនេះ មានអាជីពជាតារាចម្រៀងរ៉េបតាំងពីអំឡុងឆ្នាំ ២០០៦ មកម្ល៉េះ។
ជាការពិត កាលពីអំឡុងឆ្នាំ ២០០៦ វិស័យចម្រៀងរ៉េបនៅកម្ពុជា អាចនឹងមិនសូវជាធំទូលាយណាស់ណាឡើយ ប៉ុន្តែ ឌីជេ កាកា ក៏ត្រូវបានក្លាយជាតារាចម្រៀងរ៉េប ក្នុងក្រុម Khmer Rap Boy ដែលដំបូងឡើងមានសមាជិក ៣ នាក់ និង បន្តបន្ថែម ព្រមទាំងផ្លាស់ប្តូរសមាជិកជាបន្តបន្ទាប់ផងដែរ។ កាលនោះ ក្រុម Khmer Rap Boy មានបទចម្រៀងល្បីៗជាច្រើនរួមមានបទ «បើកចាក់» បទ «ក្លិនអូន» និង បទ «Sexy Sexy» ដែលច្រៀងក្រោមផលិតកម្ម KlapYaHandz។ លើសពីនោះ ឌីជេ កាកា ក៏ជាកូនសិស្សរបស់ ឌីជេ ស្តី និង ជាមិត្តរបស់ ឌីជេ ក្តិប ធ្លាប់បានច្រៀងចម្រៀងរួមគ្នាថែមទៀតផង។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឌីជេ កាកា ត្រូវបានមហាជនគាំទ្រ ពីសមត្ថភាព និង ភាពកំប្លុងកំប្លែងរបស់លោកជាច្រើន តែនិយាយពីរឿងរ៉ាវខ្សែជីវិតពិតរបស់លោកកាលពីក្មេងវិញនោះ ប្រហែលជាមិនទាន់មានអ្នកដឹងនៅឡើយ។
តាមរយៈកិច្ចសម្ភាសមួយ ឌីជេ កាកា បានឱ្យដឹងថា លោកជាកូនរស់នៅគ្រួសារក្រខ្សត់ ដោយអត់ពេកលោកធ្លាប់ដើររើសអេតចាយ យកប្រាក់មកចិញ្ចឹមជីវិត។ លើសពីនោះ លោកក៏ធ្លាប់ជាអ្នករត់ម៉ូតូឌុបទៀតផង។ សូមទស្សនា វីដេអូខាងក្រោម៖