ក្រោយប្តូរអ្នកគ្រប់គ្រងថ្មី ឆ្នាំនេះ Miss Universe Cambodia អត់មានការប្រកួតទេ តែនឹងជ្រើសតាំងយកបន្ទាប់ពីធ្វើរឿងនេះចប់
កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ផេកផ្លូវការថ្មីរបស់កម្មវិធី Miss Universe Cambodia បានប្រកាសថាកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ ២០២៤ នឹងមិនមានការប្រកួតជាផ្លូវការនោះទេ តែនឹងមានការជ្រើសរើសម្ចាស់មកុដតាមរយៈ (Closed Door Casting) និង សម្ភាសដោយផ្ទាល់។
តាមសេចក្តីជូនដំណឹងនោះបានរៀបរាប់ថា ៖ «សេចក្ដីជូនដំណឹង – Announcement ស្ថាប័នកញ្ញាឯកចក្រវាឡកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និង អ្នកស្នេហាវិស័យកញ្ញាឯកឱ្យបានជ្រាបថា ស្ថាប័នបានសម្រេចមិនធ្វើការប្រកួតជាផ្លូវការនៃកម្មវិធីកញ្ញាឯកចក្រវាឡក្នុងឆ្នាំ ២០២៤ នេះ ឡើយ។ ស្ថាប័ននឹងជ្រើសរើសកញ្ញាឯកចក្រវាឡតំណាងកម្ពុជា តាមរយៈការជ្រើសរើស (Closed Door Casting) និង សម្ភាសដោយផ្ទាល់។ ស្ត្រីឆ្នើមមួយរូប នឹងត្រូវបានជ្រើសតាំង ដើម្បីបំពាក់មកុដជាផ្លូវការក្នុងកម្មវិធី «រាត្រីគ្រងមកុដ» ដ៏ធំអស្ចារ្យនាខែកក្កដាខាងមុខនេះ។ ទម្រង់ស្នើសុំចូលរួមការជ្រើសរើសនឹងត្រូវបើកជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤នេះតទៅ។ សូមត្រៀមខ្លួន បង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់អ្នក»។
ក្រោយទទួលបានដំណឹងខាងលើ មហាជនស្នេហាវិស័យបវរកញ្ញាមួយចំនួនក៏មានការសោកស្តាយ ដែលមិនបានឃើញការប្រកួតដូចឆ្នាំមុនៗ តែយ៉ាងណាម្នាក់ៗក៏រង់ចាំមើលថា តើបេក្ខភាពឆ្នើមរូបណា នឹងក្លាយទៅជា Miss Universe Cambodia 2024 តំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ៕