២ ថ្ងៃទៀតរៀបការ ជា សុជាតិ បង្ហាញពីចំណុចសាមញ្ញមួយរបស់គូដណ្ដឹង ធ្វើឱ្យលោកធ្លាក់ក្នុងអន្លង់ស្នេហ៍ចូលស្ដីធ្វើជាប្រពន្ធ
ប៉ុន្មានថ្ងៃចុងក្រោយនេះ កំលោះសង្ហាជាតារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ លោក ជា សុជាតិ កាន់តែបង្ហាញក្ដីស្នេហ៍ជ្រាលជ្រៅចំពោះគូដណ្ដឹង រឹម លក្ម្សី ខ្លាំងឡើងរាល់ថ្ងៃ តាមរយៈរូបភាព Pre-Wedding ស្វីតៗ ត្រៀមរង់ចាំថ្ងៃមង្គលការមកដល់នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ។
កំពុងរង់ចាំថ្ងៃសិរីមង្គលមកដល់ ដែលជាពេលារៀបការរបស់អ្នកទាំងពីរក្លាយជាគូស្វាមីភរិយាតាមប្រពៃណីនោះ ស្រាប់តែថ្មីៗនេះ ជា សុជាតិ បានទម្លាយពីមូលហេតុដ៏សាមញ្ញមួយ ដែលលោកសម្រេចចិត្តជ្រើសយកកញ្ញា លក្ម្សី ធ្វើជាគូអនាគត គឺដោយសារនាងជានារីមានចិត្ត។
ក្រៅពីបង្ហើបចំណុចដែលធ្វើឱ្យលោកធ្លាក់ក្នុងអន្លង់ស្នេហ៍លើគូដណ្ដឹងហើយ ជា សុជាតិ ថែមទាំងបានបញ្ជាក់ទៀតថា លោកមិនទាមទារអ្វីច្រើនទេ សូមឱ្យនាងធ្វើជាខ្លួនឯងដូចកន្លងមកគ្រប់គ្រាន់ហើយថា ៖ «បងធ្លាប់ប្រាប់អូនហើយថា បងស្រឡាញ់អូន ព្រោះអូនជាមនុស្សមានចិត្តល្អ បងមិនទាមទារអ្វីផ្សេងទៀតទេ គ្រាន់តែចង់ឱ្យអូនធ្វើជាខ្លួនឯងបែបនេះរហូតទៅ គឺគ្រប់គ្រាន់ហើយសម្រាប់បង»៕