សកម្មភាពកំលោះវ័យក្មេង អតិជាតិបុត្រ បង្ហាញច្បាស់ៗថាកំពុងចាប់អារម្មណ៍តារាស្រីកូនកាត់បារាំង Melia
មហាជនអ្នកតាមដានពីជីវិតឯកជន ជាពិសេសរឿងរ៉ាវស្នេហារបស់តារាប្រុសវ័យក្មេង អតិជាតិបុត្រ ធ្លាប់បានជ្រាបហើយ ក្រោយពីស្ងប់ស្ងាត់លែងសូវបង្ហាញរូបថតស្វីតៗ ក៏ដូចជាពាក្យសម្ដីលេបខាយជាមួយតារាសម្ដែងស្រី ដួង ម៉ានិច ប៉ុន្មានឆ្នាំក្រោយ ស្រាប់តែគេកត់សម្គាល់ឃើញតារាចម្រៀងប្រុសវ័យក្មេងរូបនេះហាក់ជិតស្និទ្ធជាមួយស្រីស្អាតពិធិការិនីល្បីឈ្មោះកញ្ញា ជីជី។
ដោយឡែក មកដល់ពេលនេះ សកម្មភាពរវាងកំលោះតូច អតិជាតិបុត្រ និង ស្រីស្អាត ជីជី ក៏ស្ងប់ស្ងាត់ទៅវិញមួយរយៈហើយ ប៉ុន្តែអ្វីដែលកំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងជាថ្មីចំពោះ តារាប្រុសវ័យក្មេងរូបនេះ ខណៈថ្មីៗនេះ ឃើញប្រុសតូច បុត្រ បានបង្ហាញសកម្មភាពហាក់កំពុងចាប់អារម្មណ៍ចំពោះស្រីស្អាតកូនកាត់បារាំង Melia ។
នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ថៃ អតិជាតិបុត្រ តែងឃើញចែករំលែករូបភាព និង សកម្មភាពផ្សេងៗរបស់ស្រីស្អាត Melia ជាហូរហែ ព្រមទាំងភ្ជាប់ជាមួយសារនិយាយបែបលេចខាយយ៉ាងគួរឱ្យស្រឡាញ់ចំពោះនាងទៀតផង៕