ងិន ម៉ារ៉ាឌី ខកចិត្តបង្ហោះសារក្តៅគគុកសួរថា តើខ្ញុំមានចំណុចអន់ត្រង់ណា? ទើបគ្មានឈ្មោះទទួលគ្រឿងឥស្សរិយយសនឹងគេ
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ សិល្បករសិល្បការិនីជាច្រើនរបស់កម្ពុជា ទទួលបានលិខិតអញ្ជើញក្នុងកម្មវិធី «ពិសាអាហារសាមគ្គី និង ផ្ដល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី» ដែលក្នុងកម្មវិធីនេះ ក៏មានអ្នកសិល្បៈជាច្រើននឹងត្រៀមខ្លួនទទួលគ្រឿងឥស្សរិយយសផងដែរ។
ដោយឡែក ខណៈខ្វះតែ ២ ថ្ងៃទៀត ដល់ថ្ងៃកម្មវិធីមកដល់ ស្រាប់តែគេឃើញអ្នកនាង ងិន ម៉ារ៉ាឌី បង្ហោះសារប្រតិកម្មមួយហាក់បង្ហាញពីការអន់ចិត្តជាខ្លាំង ដោយក្នុងនាមអ្នកនាងជាបវរកញ្ញា Miss Universe Cambodia 2021 ធ្លាប់តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតដល់ក្រៅប្រទេស ប៉ុន្ដែបែរជាមិនទទួលបានគ្រឿងឥស្សិយយសនឹងគេទៅវិញ។
ក្នុងសារនោះ MUC 2021 រូបនេះ បានរៀបរាប់ថា ៖ «ខ្ញុំមិនយល់ ក្នុងនាមខ្ញុំជា Miss Universe Cambodia 2021 ម្នាក់ដែរ ហើយក៏បានតំណាងប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិដូចបងៗក្នុងក្រុមខ្ញុំដែរ តើមូលហេតុអីបានជាខ្ញុំមិនទទួលបានគ្រឿងឥស្សរិយយសដូចគេ? តើខ្ញុំមានចំណុចអន់ត្រង់ណា? ឬមួយអស់លោកអ្នកដែលបញ្ចូនឈ្មោះទៅថ្នាក់លើមិនបានស្គាល់ខ្ញុំ? ok យល់គ្រប់យ៉ាង»៕