លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD ថា គ្មានគោលការណ៍ដូរចំណងជើងរឿង «ប្រវត្តិស្នេហ៍នាងនាថ» ដាច់ខាត
មហាជនអ្នកតាមដានវិស័យភាពយន្តខ្មែរ បានជ្រាបហើយថាកាលពីកន្លងទៅ ផលិតកម្ម LD បានដឹកនាំផលិតភាពយន្តខ្នាតធំបុរាណដ៏ល្បីមួយ គឺ រឿង «ប្រវត្តិស្នេហ៍នាងនាថ» ចូលរួមសម្ដែងដោយតារាប្រុសមីយ៉ាន់ម៉ា Paing Takhon និង តារាស្រីកូនកាត់បារាំង Melia ព្រមទាំងតារាប្រុសស្រីខ្មែរល្បីៗជាច្រើនទៀត។
ចំពោះស្នាដៃផលិតរឿងបុរាណខ្មែរ «ប្រវត្តិស្នេហ៍នាងនាថ» នេះ ម្ចាស់ផលិតកម្ម LD លោក លៀក លីដា ក៏បានឱ្យដឹងថាមានការផលិតយ៉ាងសម្រិតសម្រាំងបំផុត ដោយមានការដាក់បញ្ចូលនូវសិល្បៈវប្បធម៌ដូចជា ល្ខោនខោលស្បែក ក្បាច់គុនខ្មែរតម្លៃនៃសន្តិភាព ការត្បាញសូត្រ ទូកង និងរបៀបធ្វើដាវប្រគាក់កាំបិតខ្មែរ ដើម្បីបង្ហាញទៅទស្សនិកជនទាំងអស់ ជាពិសេសអន្តរជាតិឱ្យបានស្គាល់ពីសម្បត្តិរបស់ប្រទេសកម្ពុជាកាន់តែច្បាស់។
ស្របពេលបានបញ្ចប់ការផលិត និង ត្រៀមចាក់បញ្ចាំងក្នុងរោងភាពយន្តឆាប់ៗនេះ ផលិតកម្មក៏បានបង្ហាញ Poster ផ្សេងៗ ដែលឃើញមានមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនបានផ្ទុះការវែកញែកទាក់ទិននឹងសាច់រឿង ថែមទាំងមានការចោទថាមានការចម្លងសាច់រឿងទៀតផង ដែល លោក លៀក លីដា ក៏ធ្លាប់បង្ហោះបកស្រាយម្ដងរួចហើយកាលពីពេលកន្លងមក។
ក្នុងនោះ លោក លៀក លីដា បានរៀបរាប់ថា ៖ «រឿងប្រវត្តិស្នេហ៍នាងនាថ ត្រូវបានចងក្រង និង ប្រមូលនូវអ្វីដែលដូនតាយើងបានបន្សល់ទុកឱ្យ នៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវសិល្បៈវប្បធម៌របស់ខ្មែរយើង ជាពិសេសខ្លឹមសារនៃការអប់រំ និង តម្លៃនៃសន្តិភាព។ គេថាយើង copy ជារឿងរបស់គេ។ យើងឈប់នាំគ្នាឈ្លោះឈប់នាំគ្នាខឹង។ សូមយើងនាំគ្នាចង់ក្រងប្រមូល និង ដាក់បង្ហាញ ទៅកាន់ពិភពលោក។ ចូលរួម share នៅអ្វីដែលយើងមាននៅអ្វីដែលជារបស់យើង និងនៅអ្វីដែលយើងកំពុងតែធ្វើឱ្យគេបានដឹង»។
ដោយឡែក ថ្មីៗនេះ លោក លៀក លីដា ក៏បានបង្ហោះសាជាថ្មីជុំវិញចំណងជើងរបស់ភាពយន្តបុរាណរឿង «ប្រវត្តិស្នេហ៍នាងនាថ» នេះ ខណៈមានមតិវែកញែក និង មានការស្នើឱ្យដូរចំណងជើងនៃសាច់រឿងនេះទៀតផង ដែលលោក លៀក លីដា បានរៀបរាប់ថា ៖ «ផលិតកម្មអិលឌី គ្មានគោលការណ៍ដូរចំណងជើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបរទេស ឬប្រទេសណាមួយឡើយ ព្រោះរឿងនេះ ជារឿងនិទានចំណាស់មួយដែលយើងបានស្ដាប់ បានដឹងតាំងពីដើមមកនៅក្នុងប្រទេសរបស់យើង»៕