ក្រោយផ្ទុះការរិះគន់ ឆន សុវណ្ណារាជ ថាអ្នកសិល្បៈដូចអ្នកទីផ្សារអ៊ីចឹង នំណាលក់ដាច់ធ្វើនំហ្នឹងលក់ហើយ បើមិនអ៊ីចឹងតាមមិនទាន់គេទេ
ថ្មីៗនេះ មហាជនអ្នកនិយមស្តាប់បទចម្រៀងលោក ឆន សុវណ្ណារាជ ច្បាស់ជាបានជ្រាបហើយថា លោកបានលើកយកបទចម្រៀងចាស់ចំនួន ២ បទ គឺបទ «ធម្មជាតិស្ងៀមឈឹង» និង បទ «កុំជឿមនុស្សស្រវឹង» យកមក Remix ទៅជាបទញាក់កន្ត្រាក់អារម្មណ៍ ព្រមទាំងថែមនូវប៉ារ៉ូលរ៉េបទៀតផង។
បទចម្រៀងទាំង ២ បទខាងនោះ គឺជារសជាតិប្លែកថ្មីមួយទៀតពីសំណាក់តារាចម្រៀង ឆន សុវណ្ណារាជ ដែលចេញតាមអ្នកគាំទ្រនាសម័យថ្មីនេះ។ យ៉ាងណាមិញ ទោះបីវាជារសជាតិថ្មីមួយក្តី ប៉ុន្តែទាំង ២ បទនេះដែរ លោក ឆន សុវណ្ណារាជ ហាក់មិនសូវទទួលបានការគាំទ្រខ្លាំងពីមហាជនឡើយ ដោយក្នុងនោះមានអ្នកលើកឡើងថា លោក ឆន សុវណ្ណរាជ ប្តូរស្ទីលខុសពីខ្លួនឯងពីមុន ខ្លះថាបទចម្រៀងមិនពីរោះដូចបទមនោសញ្ចេតនា ជាដើម។
ក្រោយទទួលបានការរិះគន់ហើយនោះ លោក ឆន សុវណ្ណរាជ ក៏បានចេញមកឆ្លើយតបវិញថា ៖ «អរគុណ I love you ដៀល ជេរ ប្រមាថ គ្រប់បែបយ៉ាងមក អ្នកសិល្បៈទទួលបានគ្រប់យ៉ាងទាំងអស់ មិនខឹង មិនសម្បាអ្វីទាំងអស់ ជេរមកប្រមាថមក ព្រោះពួកខ្ញុំជាមនុស្សរបស់បងប្អូនទាំងអស់គ្នា ជាមនុស្សរបស់មហាជន គ្មានសិទ្ធិតវាទេអ្វីទាំងអស់ ញញឹមទទួលគ្រប់បែបយ៉ាងទាំងអស់ ពួកខ្ញុំខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យបងប្អូនសេដ និង សប្បាយចិត្តទាំងអស់គ្នា សុំទោសដែលបទខ្លះចេញទៅធ្វើឱ្យបងប្អូនមិនសប្បាយចិត្ត តែក៏រីករាយបទខ្លះធ្វើឱ្យបងប្អូនពេញចិត្ត ពួកអ្នកសិល្បៈដូចពួកខ្ញុំខំធ្វើដើម្បីឱ្យបងប្អូនខ្មែរយើង សប្បាយ និង ពេញចិត្ត តែបើពួកខ្ញុំជាអ្នកសិល្បៈធ្វើបទទៅ រៀបឫកទៅ ធ្វើឱ្យបងប្អូនប្រជាជនខ្មែរឈាមតែមួយមិនសប្បាយចិត្ត ពួកខ្ញុំសុំទោស ព្រោះយើងខ្ញុំដូចអ្នកទីផ្សារអ៊ីចឹង នំណាលក់ដាច់ធ្វើនំហ្នឹងលក់ហើយ បើមិនអ៊ីចឹងតាមមិនទាន់ទេ សុំទោសដែលបទខ្លះពួកយើងធ្វើទៅឱ្យបងប្អូនយើងមិនសប្បាយចិត្ត យើងឈាមជ័រតែមួយទេ ខ្មែរស្រឡាញ់ខ្មែរ អ្នកសិល្បៈអត់បានដុតផ្ទះ សម្លាប់មនុស្សទេ គ្រាន់តែពេលខ្លះចេញបទខុសអារណ៍នឹងការពេញចិត្តរបស់បងប្អូនហ្វេនៗតែប៉ុណ្ណោះ ខ្មែរស្រឡាញ់ខ្មែរ»។
យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយការបង្ហោះសារខាងលើ តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានលុបសារនោះចោលវិញ ដោយគេមិនបានដឹងមូលហេតុអ្វីទើបបានជាលោកសម្រេចចិត្តលុបចោលការបង្ហោះនោះឡើយ ខណៈការបង្ហោះនោះក៏មានការចែករំលែកតៗគ្នាជាច្រើន៕