ទេពកោសល្យពេញខ្លួន! ម៉ីជីង ប្អូនស្រីតែម្នាក់របស់ ពេជ្រ សូលីកា ចូលវិថីសិល្បៈ ដើរតាមគន្លងបងស្រី
មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀង ពេជ្រ សូលីកា ច្បាស់ជាបានដឹងហើយថា អ្នកនាង នៅមានប្អូនស្រីបង្កើតម្នាក់ទៀតឈ្មោះថា Mey Jing ដែលមានមុខមាត់ស្រស់ស្អាត ស្រដៀងអ្នកនាងខ្លាំង និង មានទេពកោសល្យសិល្បៈមិនចាញ់បងស្រីប៉ុន្មាននោះទេ។
កន្លងមក ប្អូនស្រីអ្នកនាង ពេជ្រ សូលីកា គឺ Mey Jing តែងតែបង្ហាញក្បាច់រាំនៅលើបណ្តាញសង្គម និង ទទួលបានការសរសើរយ៉ាងខ្លាំងពីមហាជនជាច្រើនហូរហែ។
យ៉ាងណាមិញ ខណៈប្អូនស្រីមានអាយុ ១៤ ឆ្នាំ ក្នុងឆ្នាំ ២០២៤ នេះ អ្នកនាង ពេជ្រ សូលីកា រឹតតែជំរុញប្អូនស្រីឱ្យចូលប្រឡូកក្នុងវិថីសិល្បៈតាមគន្លងរបស់អ្នកនាង ដោយថ្មីៗនេះ Mey Jing បានចេញមកបកស្រាយបទចម្រៀងរួមគ្នានឹងបងស្រី ព្រមទាំងមានឈ្មោះក្នុងសិល្បៈថា ជេលី ជីង ទៀតផង។
អ្វីដែលកាន់តែគួរឱ្យសរសើរ គ្រាន់តែបង្ហាញសមត្ថភាពសិល្បៈជាមួយបងស្រីក្នុងចម្រៀងថ្មី ក៏ដូចជាបានបង្ហាញវត្តមានលើឆាកតន្ត្រីរួមគ្នានឹងបងស្រីភ្លាម កុមារី Mey Jing កាន់តែឆក់បានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនថែមទៀត៕