ទប់អារម្មណ៍លែងជាប់ ទីងតុង បង្ហោះពីអ្នកមានដៃចេះតែសរសេរដៀ.លជាន់ពន្លិចអ្នកដទៃខ្លាំងៗ
មហាជននិយមតាមដានបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើនច្បាស់ជាបានជ្រាបហើយថា នៅប៉ុន្មានថ្ងៃមុននេះ តារាសម្ដែង គង់ ចាន់ស្រីមុំ ហាក់រងនូវការរិះគន់ដូចទឹកបាក់ទំនប់ពីបណ្ដាអ្នកលេងបណ្ដាញសង្គម បន្ទាប់ពីតារាស្រីរូបនេះ ទៅដើរលេងកម្សាន្តនៅលើទឹកដីថៃ ហើយថតរូបពេលកំពុងលេងជះទឹកនៅលើទឹកដីថៃ ហើយសរសេរ Caption បង្ហោះលើហ្វេសប៊ុកថា «រីករាយបុណ្យចូលឆ្នាំថ្មី»។
ក្នុងនោះដែរ ក្រោយពីមានរឿងរ៉ាវខាងលើម្ចាស់សាមីខ្លួនក៏មិនទាន់ចេញមកនិយាយពីរឿងនេះដែរ ដោយនាងបានត្រឹមបង្ហោះរូបភាព ធ្វើបុណ្យដាក់បាត្រជាមួយក្រុមគ្រួសារតែប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រឡេកទៅមើលអ្នកគាំទ្រ និង មិត្តសិល្បករមួយចំនួន ក៏បានចេញមុខមកការពារ គង់ ចាន់ស្រីមុំ ក្នុងន័យឱ្យអ្នករិះគន់ក្រឡេកមើលជ្រុងដែលល្អ និង ស្ងប់ស្ងាត់បន្តិចសិនជាដើម។
ជាក់ស្តែងក្នុងនោះ គេឃើញតារាចម្រៀង ឈិត សុវណ្ណនិមិត្ត ហៅ ទីងតុង ក៏បានចេញមកបង្ហោះសារក្នុងនាមជាអ្នកសិល្បៈដូចគ្នាថា៖ «ខំរៀននៅសាលា ប្រដៅកូនចៅ បងប្អូន ញាតិផៅ ឱ្យសិក្សាស្វែងយល់ស្គាល់សិល្បៈខ្មែរឱ្យច្បាស់ វប្បធម៌ជាតិយើងម៉េចខ្លះ មានសមិត្មកម្ម អំណះអំណាង អក្សរសិល្ប៍ ភូមិសាស្ត្រ ប្រវត្តិសាស្ត្រពី ១ ដល់ ១០ ទៅ! ហ្នឹងបានហៅថា ស្រលាញ់ជាតិ! មិនមែនមានប៊ិច មានដៃសរសេរ ចេះតែដៀលជាន់ឱ្យលិច កុំឱ្យតែគេខុសបន្តិច! សួរខ្លួនឯងមើល? ធ្វើអីដើម្បីជាតិបានបន្តិចនៅ? ប្រយ័ត្នតែចោរមកឈ្លោះដណ្តើម មិនដឹងស្អីមកពីណា ភស្តុតាងនៅណា ស្អីជាស្អី ស្អីហូល ស្អីផាមួង ស្អីធ្វើពីស្អី ហើយទៅឈ្លោះគេថាខ្លួនឯងម្ចាស់! ខ្ញុំទប់អារម្មណ៍បំផុតហើយ»៕