កាន់តែក្ដៅ! គេហទំព័រ 3Fun បានបញ្ចេញសារមួយ ក្រោយមហាជនផ្ទុះការរិះគន់ទៅលើពិធីការិនី គង់ ចាន់ស្រីមុំ
មកដល់ពេលនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន នៅតែបញ្ចេញយោបល់រិះគន់ទៅលើពិធីការិនី គង់ ចាន់ស្រីមុំ ក្រោយតារាស្រីរូបនេះ ធ្លោយបង្ហោះរូបភាពជះទឹកលេងថ្ងៃចូលឆ្នាំយ៉ាងសប្បាយរីករាយ នៅលើទឹកដីប្រទេសថៃ ដែលមិនមែនជាទឹកដីប្រទេសកំណើត។
ដ្បិតថាក្រោយមក គង់ ចាន់ស្រីមុំ ក៏បានលុបរូបភាពជះទឹកទាំងនោះចោលពីគណនីហ្វេសប៊ុកក៏ពិតមែន ប៉ុន្ដែមហាជនអ្នកលេងបណ្ដាញសង្គម ហាក់នៅតែបន្តរិះគន់មិនអស់ចិត្តដដែល ហើយមកដល់ពេលនេះ គង់ ចាន់ស្រីមុំ មិនទាន់ចេញមុខបកស្រាយណាមួយជុំវិញរឿងរ៉ាវមួយនេះនៅឡើយទេ ខណៈប៉ុន្មានថ្ងៃមកនេះ គេឃើញមានអ្នកសិល្បៈមួយចំនួន ក៏បានបង្ហោះសារសុំឱ្យមហាជនស្ងប់ចិត្តសិនរង់ចាំមើលដំណោះស្រាយ។
ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកនាង គង់ ចាន់ស្រីមុំ គឺជាពិធីការិនីមួយរូបក្នុងកម្មវិធី 3Fun ក្រោយមានរឿងរ៉ាវរិះគន់ទៅលើរូបនាងបែបនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាខំមិនសុំឱ្យប្ដូរ គង់ ចាន់ស្រីមុំ ពីតំណែងពិធីការិនី ដោយពួកគេបាននាំគ្នាសរសេរដូចៗគ្នាថា «#cancelkongchansreymomfrom3funcambodia»។
ខណៈរឿងរ៉ាវមួយនេះកាន់តែក្ដៅ ស្រាប់តែទំព័រផេកផ្លូវការរបស់ 3Fun Channel Cambodia បានបង្ហោះសារមួយថា ៖ «ជូនចំពោះបងប្អូនទាំងអស់គ្នា សូមបងប្អូនស្ងប់អារម្មណ៍បន្តិចណា សុំទុកពេលបន្តិច យើងនឹងធ្វើការឆ្លើយតបបងប្អូនឆាប់ៗនេះ! ក្នុងស្ថានភាពនេះ សូមបងប្អូនយោគយល់ណា»៕