ពេជ្រ សូលីកា សុំចិត្តមហាជនឱ្យបន្ថយដៃរឿងរិះគន់ គង់ ចាន់ស្រីមុំ ជុំវិញការធ្លោយបង្ហោះរូបបាញ់ទឹកខុសទឹកដីថ្ងៃបុណ្យចូលឆ្នាំ
ជឿជាក់ថា ប្រិយមិត្តអ្នកនិយមតាមដានបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើនច្បាស់ជាបានជ្រាបហើយថា នៅប៉ុន្មានថ្ងៃមុននេះ តារាសម្ដែង គង់ ចាន់ស្រីមុំ ហាក់រងនូវការរិះគន់ដូចទឹកបាក់ទំនប់ពីបណ្ដាអ្នកលេងបណ្ដាញសង្គម បន្ទាប់ពីតារាស្រីរូបនេះ ទៅដើរលេងកម្សាន្តនៅលើទឹកដីថៃ ហើយថតរូបពេលកំពុងលេងជះទឹកនៅលើទឹកដីថៃ ហើយសរសេរ Caption បង្ហោះលើហ្វេសប៊ុកថា «រីករាយបុណ្យចូលឆ្នាំថ្មី»។
ក្រោយមានការបញ្ចេញមតិរិះគន់ហូរហែទៅលើសកម្មភាពមួយនេះ មិនយូរប៉ុន្មាន អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានលុបការផុសនោះចោល ហើយរក្សាភាពស្ងៀមស្ងាត់ មិនបានបកស្រាយអ្វីទាំងអស់។ ដោយឡែកងាកមកតារាចម្រៀង ពេជ្រ សូលីកា វិញ ក្រោយឃើញមតិវែកញែកទៅលើការផុសរបស់អ្នកនាង គង់ ចាន់ស្រីមុំ ហាក់មិនទាន់ស្ងប់ តារាស្រីរូបនេះ ក៏បានចែករំលែកនូវការផុសមួយ ដែលការផុសនោះបង្ហាញថា អ្នកនាង គង់ ចាន់ស្រីមុំ មិនមែនថតប្រម៉ូដតែក្រៅប្រទេសទេ តែកន្លងមកអ្នកនាងបានថតប្រម៉ូដតំបន់ទេសចរណ៍ក្នុងប្រទេសជាច្រើន។
ការចែករំលែករបស់ ពេជ្រ សូលីកា ហាក់កាន់តែធ្វើឱ្យប្រធានបទមួយនេះក្ដៅគគុកឡើង ដោយមានអ្នកលេងហ្វេសប៊ុកជាច្រើន បានចូលទៅបញ្ចេញយោបល់វែកញែកបន្ថែមហូរហែ រហូតធ្វើឱ្យ ពេជ្រ សូលីកា ឆ្លើយតបតាមរយៈខំមិនថា ៖ «បងប្អូនប្រុងជាន់គ្នាដល់ស្លាប់មែន ទើបសុខចិត្ត ? យល់ថាបងប្អូនកំពុងខឹងហើយស្អប់ តែសុំបន្ធូរបន្ថយដៃខ្លះទៅ បើជាន់មិនដកជើងចឹង តើគ្នាមានឱកាសឯណាមក បកស្រាយ បើមិនមែនជា គង់ ច័ន្ទស្រមុំ ក៏ខ្ញុំនៅតែធ្វើបែបនេះដូចគ្នា ព្រោះខ្ញុំយល់អារម្មណ៍អ្នកដែលកំពុងត្រូវគេជេរគេជាន់មិនដកជើង ខ្ញុំជួយក្នុងនាមខ្ញុំជាខ្មែរ គ្នាខុសហើយ ក៏បន្ធូរដៃខ្លះទៅ ហើយរង់ចាំមើលវិញថាមានអីបន្តទៀត មិនមែនជាន់ៗទាល់តែគ្នាងើបមុខមិនរួចចឹងទេ រៀនទុកឱកាស និង រង់ចាំពេលវេលា»។
លើសពីនេះ ពេជ្រ សូលីកា នៅបន្តទៀតថា ៖ «ដកខ្លះទៅខ្ញុំសុខចិត្តខុស តែខ្ញុំពិតជាមិនចង់ឃើញបងប្អូនចឹងពិតមែន យល់ថាបងប្អូនស្រលាញ់ស្នេហាជាតិ តែខ្ញុំពិតជាមិនចង់ឃើញជាតិសាសន៍ដូចគ្នាមកជាន់គ្នាឈ្លោះគ្នាពិតមែន ពួកគេនោះកំពុងតាមដានមើលយើងរហូត បើយើងបន្តបែបនេះ គេរឹតតែសើចចំអកយើង»៕