(វីដេអូ) ប្រឹងទាំងយប់ទាំងថ្ងៃជាង ១ ឆ្នាំ ផេន ខេក ដោះបំណុលបានរាប់សិបម៉ឺនធ្វើឱ្យជីវិតកាន់តែមានពន្លឺជាថ្មី
មហាជនសុទ្ធសឹងតែជ្រាបហើយពីរឿងរ៉ាវជីវិតឯកជនរបស់ពិធីការិនី ផេន ខេក ដែលមួយរយៈមុនកន្លងទៅ លើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទាក់ទិននឹងរឿងរ៉ាវអាស្រូវ ដោយនាងជាប់ជំពាក់បំណុលគេជាច្រើនម្ចាស់ សរុបរាប់សិបម៉ឺនដុល្លារ រហូតមានការគម្រាមពីម្ចាស់បំណុលចំពោះផ្លូវច្បាប់ទៀតផង ដែលបានធ្វើឱ្យជីវិតពិធីការិនីរូបនេះ ស្ទើរតែធ្លាក់ដល់ចំណុចសូន្យ។
យ៉ាងណាមិញ ក្រោយពីធ្លាយរឿងជាប់ផុងនឹងបំណុល និង ទទួលបានឱកាសពីម្ចាស់បំណុលទាំងនោះ មួយរយៈក្រោយមក ផេន ខេក ក៏បានចាប់ផ្ដើមរើបម្រាស់ដើម្បីឱ្យជីវិតមានភាពប្រសើរឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ដែលគេឃើញថានាងស៊ូទាំងកម្លាំងកាយចិត្តទទួលធ្វើការងារជាបន្តបន្ទាប់។
ជាក់ស្ដែង មកដល់ពេលនេះ ផេន ខេក ក៏កាន់តែខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីដោះបំណុល ដោយឃើញថាជីវិតរបស់នាងហាក់កាន់តែមានពន្លឺឡើង ដែលថ្មីៗនេះ ក៏បានឃើញនាងទម្លាយក្នុងកិច្ចសម្ភាស «Vtalk Confession» ទាក់ទងរឿងរ៉ាវបំណុលរបស់ខ្លួន បានឱ្យដឹងថានាងដោះស្រាយជិតរួចហើយ ពោលគឺបំណុលសរុប ៣៥ ម៉ឺនដុល្លារ ក្នុងរយៈពេលជាង ១ ឆ្នាំនេះ បានសងគេនៅសល់ត្រឹមតែ ៧ ម៉ឺនដុល្លារប៉ុណ្ណោះ៕