ស្នេហ៍វ័យចំណាស់! តាំងពីភ្ជាប់ពាក្យមក ថន ដារ៉ា និង គូដណ្ដឹង បណ្ដើរគ្នាដើរលេងយ៉ាងផ្អែមល្ហែម
បន្ទាប់ពីបែកបាក់ជាមួយអតីតស្វាមីដែលជាជនជាតិថៃមួយរយៈធំមក ថ្មីៗនេះ អ្នកនាង ថន ដារ៉ា ក៏បានសម្រេចចិត្តជ្រើសរើសគូជីវិតថ្មី ដោយអ្នកនាងបានភ្ជាប់ពាក្យជាមួយឯកឧត្តម ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ក្រសួងការបរទេស កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ខណៈពិធីភ្ជាប់ពាក្យនេះ ធ្វើឡើងលក្ខណៈគ្រួសារ មានការចូលរួមពីចាស់ទុំ សាច់ញាតិបងប្អូន ក៏ដូចជាមិត្តភក្ដិជិតស្និទ្ធផងដែរ។
ចាប់តាំងពីផ្សាសាច់ផ្សាឈាមភ្ជាប់ពាក្យជាគូដណ្ដឹងមក គេសង្កេតឃើញអ្នកនាង ថត ដារ៉ា និង ឯកឧត្តម ឃី សុវណ្ណរតនា តែងបណ្ដើរគ្នាចូលរួមកម្មវិធីតូចធំផ្សេងៗហូរហែ បង្ហាញពីក្ដីស្នេហ៍ក្នុងវ័យចំណាស់នេះ កាន់តែផ្អែមស្អិតជាងទឹកឃ្មុំ មិនឱ្យចាញ់គូស្នេហ៍វ័យក្មេងដទៃទៀតទេ។
ជារឿយៗ អ្នកនាង ថន ដារ៉ា តែងថតរូបភាពផ្អែមល្ហែមជាមួយអនាគតស្វាមី បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយពាក្យសម្ដីស្នេហាដ៏ស្អិតល្មួត ស្រឡាញ់យល់ចិត្តគ្នាជាមួយគូដណ្ដឹង។ ជាពិសេសក្រោយភ្ជាប់ពាក្យរួចមិនបានប៉ុន្មានថ្ងៃ អនាគតគូស្វាមីភរិយាទាំងពីរ បានសូត្រមន្តឡើងគេហដ្ឋានថ្មី ដែលជាវីឡាធំស្កឹមស្កៃទុករស់នៅជាមួយគ្នា ពេលរៀបការរួចទៀតផង៕