អីយ៉ាស់! តួប្រុសក្នុង MV ថ្មីរបស់ មាស សុខសោភា ផ្ទុះត្រង់ឃ្លា «បងកុំបាញ់ទឹកដាក់មុខអូន…» គឺជាលំដាប់រងទី ១ Mister Friendship 2024 សោះ!
មិនខុសពីសព្វមួយដងនោះឡើយ ជារៀងរាល់ឆ្នាំខណៈថ្ងៃបុណ្យចូលឆ្នាំខ្មែរកាន់តែកៀកជិតចូលមកដល់ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង មាស សុខសោភា រមែងបញ្ចេញបទចម្រៀងគ្រប់ចង្វាក់ ដើម្បីអបអរ និង ជូនជាកាដូសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីដល់អ្នកគាំទ្រផងដែរ។
តួយ៉ាង បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងស្រីខាងលើ ដែលទើបតែបានចេញផ្សាយជាផ្លូវការនោះ គឺមានចំណងជើងថា «តប់» ដែល ជាបទលាយបញ្ចូលគ្នានូវភ្លេងបែបប្រពៃណីផង និង ភ្លេងសម័យទំនើបកន្ត្រាក់អារម្មណ៍ផង ស្តាប់ទៅប្លែកមួយបែប។
ក្នុងនោះ ដែរបទចម្រៀង «តប់» ទើបតែចេញផ្លូវការនៅលើ YouTube កាលពីថ្ងៃទី ៧ ខែ មេសា នេះ ដែលគិតមកទល់ពេលនេះត្រឹមតែបីថ្ងៃ មានអ្នកចុចចូលទស្សនារហូតដល់ទៅ 53K ។ ចំណែកវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុក Meas Soksophea មានអ្នកចូលទស្សនារហូតដល់ទៅ 148K ឯណោះ។
ដោយឡែក ងាកទៅកាន់តួឯកប្រុសក្នុង MV ថ្មីនេះវិញ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ដូចគ្នាដែរ ក៏ព្រោះតែរូបរាងសង្ហាសាច់ដុំកង់ៗ។ ក្នុងនោះ តួឯកប្រុសរូបនេះ គឺត្រូវបានគេស្គាល់ថាជាជ័យលាភីលំដាប់រងទី ២ នៃកម្មវិធី Mister Supranational Cambodia 2023 និង ជាលំដាប់រងទី ១ នៃកម្មវិធី Mister Frienship 2024 គឺលោក រឹម ហាក់ហេង៕