ឃើញច្រើនមកហើយរាប់អានគ្នាឱ្យខ្ចី ពេលនេះ ស៊ន សៀវម៉ី ជួបផ្ទាល់ ឥលូវចាប់ផ្ដើមមើលមុខគ្នាលែងចំ
នៅក្នុងសង្គមបច្ចុប្បន្ន បញ្ហារឿងការឱ្យខ្ចីលុយកាក់ ក្លាយជាដំបៅមួយដ៏គួរឱ្យខ្លាចទាំងម្ចាស់បំណុល និង កូនបំណុល ជាពិសេសអ្នកដែលធ្លាប់ស្រឡាញ់រាប់អានគ្នា ដំបូងឡើងល្អូកល្អិនចាក់ទឹកមិនលិច តែក្រោយមកក៏ប្រែក្លាយជាមនុស្សមើលមុខគ្នាមិនចំ ព្រោះអំណាយទឹកលុយ រហូតមានករណីមួយចំនួន ឈានដល់ការប្ដឹងផ្ដល់ឡើងតុលាការទៀតផង។
ជាក់ស្ដែងថ្មីៗនេះ កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម អ្នកនាង ស៊ន សៀវម៉ី បានបង្ហោះសារក្ដៅដូចបាយពុះ ពាក់ព័ន្ធនឹងកូនបំណុលដែលជាអ្នកស្គាល់គ្នាជំពាក់លុយមិនព្រមសង។ បើតាមការរៀបរាប់របស់កីឡាការិនីរូបនេះបានឱ្យដឹងថា ចំនួនលុយដែលអ្នកនាងបានឱ្យភាគីកូនបំណុលខ្ចី មិនមែនចំនួនតិចតួចនោះទេ គឺរហូតដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ដោយកាលខ្ចីសន្យាថានឹងសងត្រឹម ៣ ខែ តែមកដល់ពេលនេះ ៦ ខែហើយនៅមិនទាន់សងនៅឡើយ។
ស៊ន សៀវម៉ី បានទុកឱកាសឱ្យក្រោយចូលឆ្នាំថា ៖ «បើចូលឆ្នាំហើយនៅតែមិនបានលុយ កុំថាខ្ញុំអត់ទុកមុខឱ្យណា ខ្ញុំគោរពស្រលាញ់បានឱ្យខ្ចីលុយ តែបើចរិតបែបហ្នឹង ក៏អត់មានអីត្រូវទុកមុខឱ្យដែរ ពេលឱ្យខ្ចីខ្ញុំប្រាប់ហើយថា ៣ ខែ ហើយអត់យកការទេ តែលូវកន្លះឆ្នាំហើយនៅតែអត់ទាន់មានថ្ងៃច្បាស់ឱ្យខ្ញុំ មនុស្សខ្ញុំស្រួលណាស់ តែកុំឱ្យខ្មោចចូល បើត្រឹមតែប៉ុន្មានពាន់ខ្ញុំអាចត្រជាក់ជាមួយ តែលុយខ្ញុំរាប់ម៉ឺនហា»។
កន្លងមក ស៊ន សៀវម៉ី កម្របង្ហោះពីជីវិតឯកជនផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមណាស់ ជាពិសេសគឺរឿងពាក់ព័ន្ធនឹងលុយកាក់ តែលើកនេះ ទំនងអ្នកនាងទ្រាំលែងបាន ទើបបង្ហោះជាសាធារណៈបែបនេះ៕