ជាមុខមាត់ប្រទេសមួយ! រាជិនីគ្រងមកុដ Miss Universe ២ ជំនាន់ បានធ្វើដំណើរមកកាន់ទឹកដីកម្ពុជា
ពិតណាស់ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ បវរកញ្ញាម្ចាស់មកុដលំដាប់ពិភពលោក Miss Universe 2023 កញ្ញា Sheynnis Palacios បានធ្វើដំណើរមកដល់ទឹកដីកម្ពុជា ក្នុងគោលបំណងដើរទស្សនកិច្ច និង ត្រូវបានអញ្ជើញចូលរួមកម្មវិធីសន្និសីទកាសែតប្រកាសពីវត្តមានអ្នកគ្រប់គ្រងថ្មីរបស់ Miss Universe Cambodia 2024 នៅឯខេត្តសៀមរាប។
ចំពោះដំណើរមកកាន់ទឹកដីកម្ពុជារបស់រាជិនីគ្រងមកុដក្នុងកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិដ៏ធំរូបនេះ អាចចាត់ទុកជាមុខមាត់មួយសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ដែលធ្វើឱ្យមហាជនអ្នកគាំទ្របវរកញ្ញាកម្ពុជាជាច្រើនមានការរំភើបចិត្តខ្លាំង។
គួរឱ្យដឹងផងដែរថា នេះជាប្រវត្តិសាស្រ្តលើកទី ២ ហើយ សម្រាប់វិស័យបវរកញ្ញាកម្ពុជា ដែលម្ចាស់មកុដ Miss Universe បានធ្វើដំណើរមកកាន់ទឹកដីដ៏អច្ឆរិយរបស់យើង ដោយគេចាំបានថា កាលពីថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០០២ កន្លងទៅ រាជិនីគ្រងមកុដចក្រវាលមួយរូប គឺ Miss Universe 2002 កញ្ញា Justine Pasek ក៏ធ្លាប់ធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងដែរ៕