ហេង ពិទូ និង កង ពិសិដ្ឋ ជាប់សាច់ឈាមជាបងប្អូនជិតបង្កើយ អ៊ីចឹងតើបានច្រៀងពីរោះម្ល៉េះ
កាលជំទាន់ខ្ទង់ឆ្នាំ ២០០០ ជឿជាក់ថា ប្រិយមិត្តអ្នកគាំទ្រភាគច្រើន ប្រាកដជានៅដក់ជាប់អារម្មណ៍នៅឡើយនូវបទចម្រៀងមនោសញ្ចេតនាស្នេហា ចេញពីទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព គឺលោក កង ពិសិដ្ឋ ដែលកាលនោះ បទចម្រៀងល្បីៗ ពីរោះៗរបស់លោកជាច្រើន មានដូចជាបទ «តំណែងស្នេហ៍» បទ «នឹកអូន» និង បទចម្រៀងជាច្រើនទៀត ត្រូវបានមហាជនទន្ទេញឡើងចាំបារ៉ូលដល់សព្វថ្ងៃ។
ងាកមកលោក ហេង ពិទូ វិញ ក៏ចាប់ផ្ដើមបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈស្របាលៗនឹងលោក កង ពិសិដ្ឋ ដែរ ហើយចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន ហេង ពិទូ នៅតែផលិតបទចម្រៀងស្នេហាឈឺចាប់ លួចស្រឡាញ់គ្នាតែម្ខាង ដើម្បីតម្រូវតាមតថភាពជាក់ស្ដែងរបស់យុវវ័យ រហូតអ្នកគាំទ្រជាច្រើនបានហៅលោកថា ជាតារាចម្រៀងប្រុសល្បីគ្រប់ជំនាន់ទៀតផង។
ពិតណាស់ ប្រិយមិត្តភាគច្រើនដឹងត្រឹមថា តារាចម្រៀងប្រុសរូបសង្ហាទាំង ២ ដួង គឺជាអ្នកសិល្បៈជំនាន់ជាមួយគ្នា ប៉ុន្ដែកម្រមានអ្នកដឹងណាស់ថា ពួកគេទាំងពីរមានទំនាក់ទំនងពិសេសមួយទៀត គឺជាសាច់ញាតិជិតដិតនឹងគ្នា។
បើតាមការលើកឡើងផ្ទាល់មាត់របស់ម្ចាស់បទ «នឹកអូន» លោក កង ពិសិដ្ឋ បានឱ្យដឹងថា លោកគឺជាប្អូនប្រុសជីដូនមួយរបស់លោក ហេង ពិទូ។ ដោយសារតែនាមត្រកូលខុសគ្នាទើបមិនសូវមានអ្នកដឹង ប៉ុន្ដែបងប្អូនប្រុសទាំងពីរនេះ ពិតមានដូចគ្នាត្រង់មានទឹកដមសំឡេងពីរោះ មានកម្លាំង អ្នកគាំទ្រស្ដាប់ហើយមិនជិនណាយដូចគ្នា៕