មិនមែនទិញឱ្យកូនស្រីទេ! យ៉ែម សំអូន ទិញចិញ្ចៀនកាដូឱ្យអតីតភរិយា រួចពោលពាក្យមួយ
ថ្មីៗនេះ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីបណ្ដូលចិត្តមកលេងស្រុកខ្មែរជាថ្មី ដោយការធ្វើដំណើរមកលើកនេះ អ្នកនាង និង លោក យ៉ែម សំអូន ដែលជាអតីតស្វាមី ហាក់បង្ហាញសកម្មភាពស្និទ្ធស្នាលជាងកាលអ្នកនាងមកខ្មែររាល់លើក។
បង្ហាញវត្តមាននៅលើទឹកដីកម្ពុជាម្ដងនេះ អ្នកនាង យ៉ាន លីនដា មិនត្រឹមតែឧស្សាហ៍ជួបជុំទទួលទានអាហារជាមួយលោក យ៉ែម សំអូន ញឹកញាប់ទេ ប៉ុន្ដែអ្នកនាង ថែមទាំងទទួលបានកាដូចិញ្ចៀនដ៏ស្រស់ស្អាតពីលោក យ៉ែម សំអូន ទោះបីជាពេលនេះ ពួកគេទាំងពីរអស់និស្ស័យជាប្ដីប្រពន្ធហើយក៏ដោយ។
ជាការពិត លោក យ៉ែម សំអូន បានបង្ហាញរូបភាពចិញ្ចៀនលើម្រាមដៃនារីម្នាក់នៅលើគណនីហ្វេសប៊ុកហើយរៀបរាប់ក្នុងន័យថា «ការផ្ដល់ឱ្យដំបូងបន្ទាប់ពី ៩ ឆ្នាំ» ដែលធ្វើឱ្យមហាជនជាច្រើនយល់ថា ម្ចាស់ម្រាមដៃនោះគឺជាកូនស្រីបណ្ដូលចិត្តរបស់លោក ប៉ុន្ដែការពិត ម្ចាស់ម្រាមដៃនោះ គឺជាអ្នកនាង យ៉ាន លីនដា ដែលជាអតីតភរិយារបស់លោកទៅវិញទេ។
ដ្បិតថាក្នុងអតីតកាល អ្នកទាំងពីរធ្លាប់មានព័ត៌មានរកាំរកូសជាច្រើនពាក់ព័ន្ធនឹងជីវិតរៀបការ ប៉ុន្ដែពេលនេះ បានឃើញទំនាក់ទំនងរបស់ពួកគេនៅតែល្អនឹងគ្នាបែបនេះ ក៏ធ្វើឱ្យមហាជនកោតសរសើរចំពោះការរាប់អានមួយនេះជាខ្លាំង៕