ឧកញ៉ា ខេមរៈ សិរីមន្ត អន់ចិត្តនឹងអ្នកគាំទ្រម្នាក់ ខំច្រៀងបទ «អូនរាំអែន» រហូតថៃទទួលស្គាល់ តែខ្មែរយើងមួយចំនួនបែរជារិះគន់
កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងប្រចាំផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត់ត្រា បានចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា ៖ «អូនរាំអែន» ។ សម្រាប់បទចម្រៀងមួយបទនេះដែរ គឺជាការច្រៀងរួមបញ្ចូលគ្នារវាងភាសាខ្មែរ និង ថៃ ។
ក្រោយពីបទចម្រៀងបានចេញជាផ្លូវការគេឃើញថាមានមតិមួយចំនួនបានសម្ដែងការកោតសរសើរចំពោះឧកញ៉ា ខេមរៈ សិរីមន្ត តែក្នុងនោះក៏មានមតិមួយចំនួនទៀត រិះគន់ផងដែរ។
យ៉ាងណាមិញ កៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញមកបង្ហើបដំណឹងក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកថានឹងមានបទកន្ទ្រឹមចែកជូនកម្សាន្ត និង បានសួរចំណាប់អារម្មណ៍មហាជនខ្មែរថាតើបងប្អូនគាំទ្រលោកដែរឬអត?
ក្នុងនោះ ក្រោយពីបង្ហោះសួរមហាជនបែបនោះមកគេស្រាប់តែឃើញមានមតិមួយពីអ្នកលេងហ្វេសប៊ុក បានលើកឡើងថា ៖ «ចេញអីចេញទៅតែកុំចេញបទថៃ ឮហេីយខ្មាសគេណាស់មិនហ៊ានចាក់ស្តាប់ទេ»។ ទន្ទឹមនឹងឃើញមតិបែបនេះ ឧកញ៉ា ខេមរៈ សិរីមន្ត មិនបង្អង់យូរចូលទៅឆ្លើយតបភ្លែតថា ៖ «ថៃកំពុងស្តាប់បទ «អូនរាំអែន» របស់បងពេញប្រទេសថៃ គេពេញចិត្តពេញថ្លើមនឹងសំឡេងរបស់បង តើប្អូនមិនមានមោទកភាពអីបន្តិចសោះមែន? ដែលបងខំប្រឹងប្រែងរហូតដល់ជនជាតិថៃគេព្រមស្តាប់សំឡេងបងជាជនជាតិខ្មែរនេះ! សូមប្អូនផ្តល់នូវយុត្តិធម៌ដល់បងផង កន្លងមកសិល្បៈក៏ផ្សេងៗគេសហការជាមួយថៃ គេបានការសរសើរថាលើកមុខមាត់ជាតិ តែបងវិញទទួលបានការមិនឱ្យតម្លៃពីប្អូនទៅវិញ តើយុត្តិធម៌ទេសម្រាប់ការប្រឹងប្រែងរបស់បង»៕