(វីដេអូ) យូរៗជួបគ្នាម្ដង! សុគន្ធ និសា និង លី អ៊ីវ៉ាធីណា រំឭកបទចម្រៀងចាស់មួយ ធ្វើឱ្យហ្វេនស្លុងចិត្តស្ដាប់
ប្រិយមិត្តភាគច្រើនបានជ្រាបហើយ អ្នកនាង សុគន្ធ និសា និង កញ្ញា លី អ៊ីវ៉ាធីណា ធ្លាប់ជាតារាចម្រៀងជ្រកក្រោមផលិតកម្មជាមួយគ្នាកាលពួកគេច្រៀងនៅផលិតកម្មរស្មីស្ទឹងសង្កែ ហើយក្រោយផលិតកម្មមួយនេះបានបិទទ្វារ តារាចម្រៀងទាំងអស់ ក៏ស្វែងរកផ្លូវដើររៀងៗខ្លួន ដោយតារាចម្រៀងមួយចំនួន បានចូលជ្រកនៅផលិតកម្មផ្សេង និង មួយចំនួនទៀត ក៏ចាកចេញទៅរស់នៅក្រៅប្រទេស ហើយប្រកបរបរផ្សេងៗគ្នា។
ងាកមកតារាចម្រៀងស្រីសាច់ចាំ អ្នកនាង សុគន្ធ និសា និង កញ្ញា លី អ៊ីវ៉ាធីណា វិញ មកដល់បច្ចុប្បន្ន អ្នកទាំងពីរនៅតែប្រកបអាជីពជាតារាចម្រៀង ទោះបីជាពួកគេមានមុខរបររកស៊ីផ្ទាល់ខ្លួនផ្សេងទៀតក៏ដោយ។ បើរំឭកកាលពីតារាចម្រៀងទាំងពីរជ្រកក្រោមផលិតកម្មរស្មីស្ទឹងសង្កែ ឃើញថាមានអនុស្សាវរីយ៍ជាច្រើន ជាពិសេសគឺចំណងមិត្តភាព ដែលមកដល់ពេលនេះ ពួកគេនៅតែស្រឡាញ់រាប់អាន និង ជិតដិតគ្នាមិនប្រែ។
ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងស្រីទាំងពីរ បានជួបជជែកលេងជាមួយគ្នាពោរពេញសំឡេងសើចក្អាកក្អាយ ហើយក្នុងនោះអ្នកទាំងពីរថែមទាំងច្រៀងរំឭកនូវបទចម្រៀងដ៏ល្បីរួមគ្នាមួយបទ ក្រោមចំណងជើងថា «ពាក្យស្រឡាញ់ និង ស្អប់» ដែលបទនេះ បកស្រាយពីតារាចម្រៀងស្រី ៤ រូប រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា, សុគន្ធ និសា, កញ្ញា លី អ៊ីវ៉ាធីណា និង សេរីយ៉ា។
ដោយឡែក ខណៈអ្នកនាង សុគន្ធ និសា និង កញ្ញា លី អ៊ីវ៉ាធីណា បានជួបគ្នា អ្នកទាំងពីរក៏ច្រៀងរំឭកបទចាស់មួយបទនេះឡើងវិញ ធ្វើឱ្យអ្នកគាំទ្រស្លុងចិត្តស្ដាប់មិនតិចទេ។ សូមទស្សនាវីដេអូខាងក្រោម ៖