បេក្ខភាពបវរកញ្ញា Universal Women សរសើរទេសភាព ម្ហូបអាហារ និង ការស្វាគមន៍ដ៏កក់ក្ដៅរបស់ម្ចាស់ផ្ទះកម្ពុជា
នៅពេលនេះកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់អន្តរជាតិ Universal Women 2024 កំពុងតែដំណើរការយ៉ាងរលូនក្រោមការរៀបចំពីកម្ពុជាដែលជាម្ចាស់ផ្ទះ។ ក្នុងឆ្នាំនេះ គេសង្កេតឃើញថាមានបេក្ខភាពប្រកួតប្រមាណ ៤០ ប្រទេសមកពីជុំវិញពិភពលោកដើម្បីប្រកួតប្រជែងដណ្ដើមមកុដគ្នា។
ដោយឡែក អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺបេក្ខភាពទាំងអស់ហាក់មានអារម្មណ៍រំភើបរីករាយ និង កក់ក្តៅជាខ្លាំង នេះដោយហេតុថាកម្ពុជាមានការរៀបចំបានយ៉ាងល្អឥតខ្ចោះ។ ជាពិសេស មុនពេលឡើងឆាកប្រកួតកម្មវិធីបាននាំបេក្ខភាពទាំងអស់ទៅទស្សនាប្រាង្គប្រាសាទអង្គរវត្ត និងឱ្យស្លៀកពាក់នូវឈុតអប្សរា ព្រមទាំងនាំទៅចូលរួមបុណ្យទន្លេឱ្យស្គាល់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលធ្វើឱ្យបេក្ខភាពទាំងអស់រំភើបរីករាយក្រៃលែង។
លើសពីនោះ ក្រោយត្រឡប់ពីខេត្តសៀមរាប កម្មវិធី Universal Women ក៏បាននាំបេក្ខភាពបន្តដំណើរទៅខេត្តព្រះសីហនុទៀតក្នុងគោលបំណងឱ្យបណ្ដាបេក្ខភាពស្គាល់ឆ្នេរសមុទ្រ និង កោះស្អាតៗរបស់កម្ពុជាដែលលាតសន្ធឹងបង្អួតសម្រស់នាទិសនិរតីនៃប្រទេស។
ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ ស្ថិតនៅទីតាំងកោះរ៉ុង គេឃើញថាបណ្ដាបេក្ខភាពបវរកញ្ញាទាំងអស់មានទឹកមុខញញឹមរីករាយ រំភើបចិត្តជាពន់ពេក ព្រោះបានឃើញសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ អ្វីដែលរឹតតែពិសេស បេក្ខភាពម្នាក់ៗបានលាន់មាត់សរសើរនូវភាពរួសរាយរបស់ប្រជាជនខ្មែរ និង ម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ជាប់មាត់មិនអាចបំភ្លេចបាន។
គួរបញ្ជាក់ឱ្យដឹងថា កម្មវិធីប្រកួតបឋម Universal Women នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ និង ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ៕