គួរឱ្យសរសើរ! សាយ ទម្លាយថាខ្លួនមានជំងឺប្រចាំកាយតាំងពីក្មេង តែដើម្បីចូលរួមជួយសង្គម សុខចិត្តបង្កើតកម្មវិធីរត់មិនគិតពីសុខភាព
មហាជនអ្នកគាំទ្ររបស់តារាចម្រៀង Original Song លោក សាយ ដែលជាស្ថាបនិក «Run with Sai» ច្បាស់ជាបានដឹងហើយថា កន្លងមកក្នុងដំណើរនៃការរត់ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ លោក សាយ ធ្លាប់បានជួបនូវបញ្ហាជាច្រើនពាក់ព័ន្ធនឹងសុខភាពរបស់លោក រហូតមានការណែនាំពីគ្រូពេទ្យឱ្យលោកឈប់ធ្វើការធ្ងន់ៗបើសិនជាមិនចង់មានផលប៉ះពាល់ដល់ជីវិតថែមទៀតផង។
ទោះបើរងផលប៉ះពាល់សុខភាពក្តី ប៉ុន្តែលោក សាយ ក៏បានបំពេញបេសកកម្មរបស់ខ្លួនក្នុងការរត់ជួយដល់មន្ទីរពេទ្យ និង កុមារជាច្រើននៅកម្ពុជា ស្របទៅតាមក្តីស្រមៃដែលលោកធ្លាប់ប៉ងយ៉ាងជោគជ័យ។
យ៉ាងណាមិញ ថ្មីៗនេះ លោក សាយ បានទម្លាយពីអាការសុខភាពរបស់លោកថា ខ្លួនមានជំងឺប្រចាំកាយតាំងពីកុមារមិនមែនទើបតែលោកចាប់ផ្តើមរត់ជាច្រើនគីឡូ ច្រើនខេត្តក្រុងទេ គឺលោកមានជំងឺហឺតតាំងពីកើតមក ហើយជំងឺនេះគឺប៉ះពាល់ខ្លាំងបំផុតនៃផ្លូវដង្ហើមរបស់លោក ជាពិសេសគឺនៅអំឡុងខែតុលា ដល់ខែធ្នូ និង នៅពេលដែលបរិយាកាសមិនល្អ និង ទទួលរងក្លិនមិនល្អ។
លោក សាយ បានទម្លាយពីកុមារភាពថា ៖ «លោកមិនត្រឹមតែមានជំងឺហឺតតែម្យ៉ាងទេ ពោលគឺលោកជាបុគ្គលដែលមានសុខភាពខ្សោយបំផុត ឱ្យតែមានជំងឺអ្វីឆ្លងរាលដាលគឺលោកត្រូវតែកើត។ ជាងនេះទៅទៀត ចន្លោះពីធំដឹងក្តីដល់អាយុប្រមាណជា ១២ ឆ្នាំ ១៣ ឆ្នាំ គឺលោករស់នៅយ៉ាងត្រដរ ដោយរង់ចាំមើលសេចក្តីស្លាប់ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ រស់នៅដោយរំពឹងថ្នាំ។ រាល់យប់នៅខែត្រជាក់ខ្លាំង គឺលោកត្រូវគេងដាក់ឧបករណ៍ឆ្ពង់ ដើម្បីជំនួយដង្ហើមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ពេលទៅរៀនម្តងៗគឺត្រូវមានមិត្តភក្តិអៀវ ឬ ក្រៀកលោកដើរទៅថ្នាក់ថែមទៀតផង»។
បន្ថែមពីនោះ លោក សាយ ក៏បានបញ្ជាក់ដែរថា មកដល់បច្ចុប្បន្នជំងឺហឺតរបស់លោកគឺនៅតែមាន ព្រោះជាជំងឺពីកំណើត តែដោយសារតែលោកព្យាយាមលេងកីឡា ទើបធ្វើឱ្យសុខភាពរបស់លោកប្រសើរជាមុនបន្តិចដែរ។
ងាកទៅកាន់ការលះបង់ដើម្បីកុមារៗ និង សង្គម តាមរយៈការរត់ឯនោះវិញ លោក សាយ ក៏ធ្លាប់បានឱ្យដឹងថា ៖ «អំឡុងពេលលោកសម្រេចរត់កម្មវិធីដំបូង គឺរត់ជាមួយសាយ ពីភ្នំពេញទៅកាន់ខេត្តសៀមរាបក្នុងរយៈចំងាយ ២៤០៨ ម៉ែត្រ នោះ គឺជាកំឡុងពេលផ្ទុះការរាលដាលជំងឺកូវីដ-១៩ ខ្លាំង។ ពេលនោះ លោកគិតថា បើលោកកើតជំងឺនោះ គឺលោកនឹងប្រឈមដល់អាយុជីវិតខ្លាំងបំផុត ព្រោះលោកមានបញ្ហាផ្លូវដង្ហើមស្រាប់។ ដូច្នេះ លោកសុខចិត្តរត់ ព្រោះបើរត់ទៅស្លាប់ យ៉ាងហោចណាស់ក៏លោកបានធ្វើអ្វីដើម្បីសង្គម និង បំពេញក្តីស្រមៃរបស់ជួយដល់ក្មេងៗផងដែរ»៕