សមឥតទាស់! រឿន ណាត តុបតែងជាព្រះនាង មហោទរាទេវី បែបសម័យអង្គរស្អាតប្លែក
គិតមកទល់ពេលនេះនៅសល់មិនដល់ ១ ខែទៀតទេ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកដល់។ ក្នុងនោះ ជារៀងរាល់ឆ្នាំគេតែងបានឃើញអ្នកសិល្បការិនីខ្មែរយើង តែងខ្លួនជាតួអង្គទេវតាឆ្នាំថ្មីទៅតាមឆ្នាំនីមួយៗដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិដែលមួយឆ្នាំប្រារព្ធធ្វើតែម្តង។
យ៉ាងណាមិញ ខណៈពិធីបុណ្យប្រពៃណីដ៏ធំមួយនេះជិតឈានចូលមកដល់ គេក៏បានឃើញបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៨ រឿន ណាត បានតុបតែងខ្លួនគ្រងនូវឈុតទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាង មហោទរាទេវី ជាបុត្រីទី ៧ របស់កបិលមហាព្រហ្ម ដែលនឹងត្រូវយាងចុះមកគ្រប់គ្រងផែនដីនាឆ្នាំនេះ។
ជាមួយនឹងការគ្រងឈុតទេវតានោះដែរ មហាជនប្រុសស្រីបានលាន់មាត់សរសើរមិនដាច់ពីរូបសម្រស់របស់កញ្ញា រឿន ណាត ដែលសមសួនទៅនឹងឈុតប្រពៃណីខ្មែរខ្លាំងណាស់។ ជាពិសេស គ្រឿងប្រដាប់តែងកាយមានភាពប្លែក និង ប្រណីតដោយតួឈុតទាំងមូលគឺយកទៅតាមទម្រង់ឈុតអប្សរានាសម័យមហានគរដ៏រុងរឿង។ ងាកទៅមើលមហាជន វិញ គ្រាន់តែឃើញកញ្ញា រឿន ណាត បង្ហោះភ្លាមមហាជនបានចូលទៅបញ្ចេញមតិសរសើរមិនដាច់ឡើយ រហូតមានអ្នកគាំទ្រខ្លះលាន់មាត់ថា ព្រឺសម្បុរថែមទៀតផងព្រោះស្រស់ស្អាតខ្លាំងមិនធ្លាប់ឃើញ។
គួរបញ្ជាក់ថា ព្រះនាង មហោទរាទេវី ជាបុត្រីទី ៧ នៃកបិលមហាព្រហ្ម មានអម្ពរពស្ត្រា ៖ ពណ៌ព្រីងទុំ ចនព្រះកាណ៌ ៖ ដោយសៀតផ្កាត្រកៀត (ផ្កាកំប្លោក) អាភរណៈ ៖ គ្រឿងអលង្ការត្បូងប្រដាប់កាយទ្រង់ពាក់ «កែវនីលរ័តន៍» (ត្បូងកណ្ដៀងពណ៌ខៀវ) ភក្សាហារ ៖ ទ្រង់សោយទ្រាយ ពពួកសត្វចតុបាតជើងបួន សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ «ត្រីសូល៍» (លំពែងមុខបី) សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ស្ដាំកាន់ «ចក្រា» (កងចក្រ) យាន្តជំនិះ ៖ គង់លើ «មយូរា» ជាទេពនិករ (សត្វក្ងោក) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនឹងថ្ងៃសៅរ៍ទី ១៣ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ៕