មកខ្មែរលើកនេះ អ្នកនាង យ៉ាន លីនដា កាន់តែជិតដិតជាមួយអតីតស្វាមីលោក យ៉ែម សំអូន
កាលពីប៉ុន្មានថ្ងៃមុន អតីតពិធីការិនីដ៏ល្បីល្បាញ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីបណ្ដូលចិត្ត ធ្វើដំណើរមកលេងប្រទេសកម្ពុជាជាថ្មី ដោយអ្នកនាង និងកូនស្រី បានចាកចេញទៅរស់នៅទឹកដីអូស្ត្រាលី ហើយមានការនឹករឭកដល់មិត្តភក្ដិបងប្អូន និង មិត្តសិល្បករនៅស្រុកខ្មែរជាពន់ពេក។
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កូនស្រីសំណព្វចិត្តរបស់អ្នកនាង យ៉ាន លីនដា ក៏ជាឈាមជ័រពាក់កណ្ដាលរបស់តារាចម្រៀង លោក យ៉ែម សំអូន ដែរ គ្រាន់តែនិស្ស័យប្ដីប្រពន្ធរបស់អ្នកទាំងពីរ មិនអាចបន្តទៅមុខទៀតបាន ទើបពួកគេសម្រេចចិត្តលែងលះគ្នា ប៉ុន្ដែពួកគេ នៅតែជាឪពុកម្ដាយរបស់កូនស្រីជានិច្ច។
រឿងអតីតកាលកន្លងផុតច្រើនឆ្នាំ ទោះបីជាពេលនេះ អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន មានជីវិតរៀងខ្លួន លែងមានឈ្មោះជាប្ដីប្រពន្ធតទៅទៀត ប៉ុន្ដែអ្នកទាំងពីរ នៅតែអាចរាប់អានគ្នា និយាយលេងសួរសុខទុក្ខគ្នា ជារឿងដែលមហាជនកំពុងនាំគ្នាកោតសរសើរជាខ្លាំង។
ជាក់ស្ដែងមកខ្មែរលើកនេះ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីទៅជួបលោក យ៉ែម សំអូន ដោយផ្ទាល់ ខណៈមកលេងខ្មែរមុនៗ អ្នកនាង យ៉ាន លីនដា បានឱ្យតែកូនស្រីទៅម្នាក់ឯងប៉ុណ្ណោះ តែប៉ុន្មានថ្ងៃនេះ គេឃើញលោក យ៉ែម សំអូន បានបង្ហោះរូបភាពជួបជុំគ្នារវាងកូនស្រី និង អ្នកនាង យ៉ាន លីនដា ជាមួយទឹកមុខញញឹមរាក់ទាក់ ហាក់បង្ហាញពីការរាប់អានគ្នាគួរឱ្យសរសើរ៕