Han So Hee តបផាំងៗ ក្រោយផ្ទុះចចាមអារ៉ាមថានាងជាជនទីបីធ្វើឱ្យ Lee Hyeri និង Ryun Jun Yeol បែកគ្នា
ថ្មីៗនេះ ចចាមអារ៉ាមស្នេហារបស់តារាប្រុស Ryu Jun Yeol ដែលជាអតីតគូស្នេហ៍របស់ Lee Hyeri រវាងតារាស្រី Han So Hee កំពុងតែមានការផ្ទុះផ្អើលយ៉ាងខ្លាំង ក្រោយពីមានអ្នកអះអាងថា ទាំងគូនេះបានលួចទៅជួបគ្នានៅឯកោះហាវ៉ៃ សហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះក៏មានមហាជនមួយចំនួនបានគិតថា មូលហេតុនៃការបែកបាក់រវាង Ryu Jun Yeol និង Lee Hyeri កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ អាចបណ្តាលពី Han So Hee ជាជនទីបី។ អ្វីដែលគួរឱ្យសង្ស័យទៅទៀត Lee Hyeri បានផុសសារមួយម៉ាត់យ៉ាងខ្លីនៅក្នុងបណ្តាញសង្គមថា «គួរឱ្យអស់សំណើច» ព្រមទាំងបានចុច Unfollow អតីតសង្សារចោលទៀតផង។
ក្រោយពីនោះមិនបានប៉ុន្មាន គេក៏បានឃើញថា Han So Hee បានផុសសារហាក់ដូចជាតបទៅបញ្ហាមួយនេះដូចគ្នា។ ក្នុងនោះនាងបានផុសសារ រួមជាមួយនឹងរូបឆ្កែមួយក្បាល ដែលមានអត្ថន័យថា នាងមិនដែលចូលចិត្តអ្នកមានសង្សារហើយនោះទេ នាងមិនឱ្យសូម្បីចំណាប់អារម្មណ៍ទៅអ្នកទាំងនោះ មិនគិតថានឹងរាប់អានធ្វើមិត្តភក្តិទៀតផង។ នាងមិនដែលចង់ជ្រៀតជ្រែកទៅក្នុងទំនាក់ទំនងរបស់នរណាឡើយ។ រឿងនេះ ក៏វាគួរឱ្យអស់សំណើចសម្រាប់នាងដែរ៕