កក្រើកឆ្នាំ ២០២៤! កម្មវិធីសម្រស់អន្តរជាតិធំៗ ២ កំពុងបើកឆាកប្រកួតស្វែងរកម្ចាស់មកុដនៅកម្ពុជា
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាវិស័យបវរកញ្ញា និង បុរសឯកមានការរីកចម្រើនខ្លាំង។ ក្នុងនោះ រាល់បេក្ខភាពកម្ពុជាដែលបញ្ជូនទៅប្រកួតនៅក្រៅប្រទេសក៏ទទួលបានលទ្ធផលល្អមកកាន់មាតុភូមិវិញច្រើនផងដែរ។ ជាការពិតណាស់ ដោយមើលឃើញពីសក្តានុពលនៃវិស័យបវរកញ្ញានៅកម្ពុជារីកចម្រើន ក្នុងដើមឆ្នាំ ២០២៤ នេះ គេឃើញមានកម្មវិធីប្រកួតសម្រស់ ២ កំពុងតែបើឆាកប្រកួតនៅកម្ពុជាដើម្បីស្វែងរកម្ចាស់មកុដរបស់ខ្លួន។ក្នុងនោះរួមមាន៖
១. កម្មវិធី Universal Woman 2024
កម្មវិធី Universal Woman 2024 កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញនៅលើទឹកដីខេត្តសៀមរាប។ ក្នុងឆ្នាំនេះ គេឃើញមានបេក្ខភាពប្រមាណ ៥៦ ប្រទេសបានចូលរួមប្រកួតប្រជែង។ គួរបញ្ជាក់ឱ្យដឹងថា កម្មវិធីប្រកួតបឋមនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ និង ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ។
២. កម្មវិធី Miss Teen Icon International 2024
ក្រៅពីកម្មវិធី Universal Woman 2024 ហើយនាដើមឆ្នាំ ២០២៤ នេះ កម្ពុជាក៏ជាម្ចាស់ផ្ទះនៃការប្រកួតប្រជែង Miss Teen Icon International 2024 ផងដែរ។ តួយ៉ាង នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅជាការបើកឆាកប្រកួតវគ្គបឋម និង នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រស្វែងរកម្ចាស់មកុដ៕