ពិតស្រស់សោភាណាស់! បវរកញ្ញាទាំង ៥៦ ប្រទេស តែងខ្លួនជាអប្សរាដាក់ក្បាច់តាមរបាំខ្មែរល្អឥតទាស់
នៅក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ Universal Woman ហើយខណៈនេះកម្មវិធីក៏កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញផងដែរនៅទឹកដីខេត្តសៀមរាប។
ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានឱ្យបេក្ខភាពបវរកញ្ញាទាំងអស់ដែលចូលរួមប្រកួតប្រមាណ ៥៦ ប្រទេសស្លៀកនៅឈុតអប្សរាយ៉ាងស្រស់ស្អាតដើម្បីថតនៅទីតាំងប្រាសាទអង្គរវត្តដែលជាសម្បត្តិមរតកដ៏អស្ចារ្យនៃកម្ពុជា។
ក្រោយតុបតែងគ្រឿងរួចរាល់ គេឃើញថាបវរកញ្ញាទាំងអស់ពិតជាមានភាពស្រស់ស្អាតណាស់ ព្រោះថាសម្លៀកបំពាក់អប្សរាខ្មែរមានគ្រឿងតែងកាយច្រើនសម្បូរបែបតាំងពីចុងជើងដល់ចុងសក់ដែលនាំឱ្យអ្នកដែលគ្រងមានសម្រស់ដូចទេពអប្សរស្រីសួគ៌ាចុះពីលើមេឃ។
យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ នេះ រូបភាពផ្លូវការនៃការថតឈុតអប្សរាក៏បានចេញជាផ្លែផ្កា។ ក្នុងនោះ គេឃើញថារាល់បេក្ខភាពនីមួយៗពិតជាស្រស់សោភាខ្លាំងណាស់ រីឯការថតក៏មានការដាក់ក្បាច់ត្រឹមត្រូវទៅតាមទម្រង់សិល្បៈរបាំបុរាណខ្មែរទៀត ដែលនេះបាននាំឱ្យមហាជនផ្ទុះការសរសើរព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក៕