(វីដេអូ) កៀកចូលឆ្នាំ! តន់ ចន្ទសីម៉ា ខំសំលៀងសំឡេងចេញបទថ្មីចំណងជើង «Top Fan» តែបែរជាមានអ្នករិះគន់ច្រើនជាងសរសើរ
សល់តែ ១ ខែទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់។ ក្នុងនោះ គេឃើញថាពេលនេះមានសិល្បករចម្រៀងប្រុសស្រីជាច្រើនបានចេញបទចម្រៀងថ្មីៗដើម្បីស្វាគមន៍ឆ្នាំថ្មី ក៏ដូចទុកជាចំណងដៃនាបុណ្យចូលឆ្នាំខ្មែរ ២០២៤ ខាងមុខនេះ។
ដោយឡែក នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ នេះ តារាចម្រៀងស្រីប្រចាំផលិតកម្មកាឡាក់ស៊ីណាវ៉ាត់ត្រា ស្រីស្រស់ តន់ ចន្ទសីម៉ា បានចេញបទចម្រៀងមួយបទមានចំណងជើងថា «Top Fan» ដែលជាចង្វាក់ភ្លេងរាំសប្បាយនារដូវបុណ្យចូលឆ្នាំ។
ជាការពិត ខណៈចេញបទថ្មីភ្លាមគេឃើញមានមតិពីមហាជនជាច្រើន ដោយក្នុងនោះមានទាំងការសរសើរ និង ការរិះគន់។ ចំពោះការសរសើរមហាជនបានអួតសរសើរពីទឹកដមសំឡេងតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលអាចច្រៀងបទបែនបានគ្រប់កាលៈទេសៈហាក់មិនទាក់ឡើយ មិនថាបទចម្រៀងបែបបុរាណ ឬ ក៏សម័យ។
ទន្ទឹមនឹងនោះ ចំពោះការរិះគន់វិញគឺមហាជនបានលើកឡើងពីការអត្ថន័យនៃបទចម្រៀង និង ស្ទីលរាំគឺមានភាពច្រំដែល និង ពុំសូវមានខ្លឹមសារ។ ក្នុងនោះ អ្វីដែលគួរឱ្យកត់សម្គាល់គឺបទភ្លេងមិនស៊ីសង្វាក់គ្នាជាមួយនឹងសំឡេងរបស់តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា។ មានមតិមួយក្នុងចំណោមមតិជាច្រើនដែលរិះគន់ក្នុងន័យស្ថាបនាបានសរសេរថា ៖ «ដូចជាមិនសូវល្អទេ ស្តាប់ទៅដូចជាសំឡេងផ្សេង ភ្លេងផ្សឹង ហើយទំនុកច្រៀងក៏ដូចជាមិនទាក់ទាញសោះ ហើយម្យ៉ាងទៀតបើអាចគួរដូរស្ទីលមានអ្នករាំពីក្រោយច្រើនៗហ្នឹងចេញទៅបង ដូចជាស្ទីលដដែលៗ ច្រើនដងដែរហើយ។ សុំទោសផង នេះគ្រាន់តែជាអារម្មណ៍ខ្ញុំទេ អរគុណ»៕