បានមួយចប់! លាវ វេងហួរ ក្តាប់បានឱកាសជាពិធីករលើកដំបូងក្នុងកម្មវិធី Universal Woman 2024
បន្ទាប់ពីដណ្ដើមបានតំណែងជា Mister Friendship International នៅប្រទេសថៃកាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងមក អ្នកកំលោះរូបសង្ហា លាវ វេងហួរ ហាក់ក្តាប់បានប្រជាប្រិយភាព និង ការងារសិល្បៈជាហូរហែ។ ទាំងអស់នេះក៏កើតឡើងដោយសារតែសមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសប់រួមនឹងរូបសម្បត្តិដ៏ស្រស់សង្ហារបស់លោកនេះឯង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកកំលោះរូបសង្ហា លាវ វេងហួរ ស្រាប់តែក្តាប់បាននូវតំណែងតួឯកក្នុងខ្សែភាពយន្តខ្នាតធំមួយដែលមានចំណងជើងថា «អ្នកម្តាយ Zombie» ដោយរួមសម្ដែងជាមួយនឹងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត។
មិនត្រឹមតែមានទេពកោលសល្យសម្ដែងប៉ុណ្ណោះទេ សម្រាប់អ្នកកំលោះ លាវ វេងហួរ ក៏ក្តាប់ឱកាសជាពិធីករក្នុងកម្មវិធីប្រកួតសម្រស់លំដាប់អន្តជាតិផងដែរ គឺកម្មវិធី Universal Woman ឆ្នាំ ២០២៤ ដែលកំពុងបើកឆាកប្រកួតយ៉ាងស្វិតស្វាញនៅប្រទេសកម្ពុជា។
តួយ៉ាង កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ គេឃើញថាអ្នកកំលោះ លាវ វេងហួរ ទទួលបានការសរសើរពីសំណាក់មហាជនមិនដាច់ពីមាត់ឡើយ ខណៈអ្នកកំលោះរូបនេះទើបតែធ្វើការងារជាពិធីករលើកដំបូងហើយធ្វើបានយ៉ាងល្អ ទាំងការនិយាយភាសាខ្មែរ និង អង់គ្លេស ប្រកបដោយភាពជឿជាក់ និង ច្បាស់លាស់៕