កម្រងទិដ្ឋភាពពិធីភ្ជាប់ពាក្យ ជា សុជាតិ ក្រុមក្មេងខ្មែរ និង គូស្នេហ៍ជាអ្នកគ្រប់គ្រងផ្ទាល់ព្រឹកមិញ មើលទៅសាមញ្ញតែកក់ក្តៅណាស់
ខ្វះតែមួយជំហានទៀត តារាចម្រៀង ជា សុជាតិ និង គូស្នេហ៍បណ្ដូលចិត្ត ក្លាយជាប្ដីប្រពន្ធពេញលេញហើយ ដោយនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ នេះ តារាចម្រៀងប្រុសរូបនេះ ឆ្លងកាត់ដំណាក់កាលទី ១ ដោយណែនាំមិត្តស្រីជាទីស្រឡាញ់ឱ្យសាច់ញាត់ចាស់ទុំបានស្គាល់គ្នា ហើយប្ដូរឈ្មោះពីសង្សារទៅជាគូដណ្ដឹងតាមប្រពៃណីខ្មែរ។
អនាគតកូនក្រមុំរបស់តារាចម្រៀងរូបសង្ហា ជា សុជាតិ មិនមែនជាអ្នកឆ្ងាយមកពីណាទេ ពោលគឺនាងគឺជាអ្នកគ្រប់គ្រងរបស់លោកផ្ទាល់ មានឈ្មោះថា លក្ម្សី ដែលទើបឡើងកញ្ញាគឺជាអ្នកគាំទ្ររបស់ សុជាតិ ក្រោយមកក៏ក្លាយជាអ្នកគ្រប់គ្រងលើការងារ ហើយពេលនេះ ក៏បានក្លាយជាម្ចាស់បេះដូងរបស់ សុជាតិ តែម្ដង។
ការប្រកាសភ្ជាប់ពាក្យរបស់ សុជាតិ និង គូដណ្ដឹង បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរឡើយ តែយ៉ាងណា ក៏មានមិត្តភក្ដិ និង អ្នកគាំទ្រជាច្រើន បានជូនពរពួកគេឱ្យស្រឡាញ់គ្នាយូរអង្វែងផងដែរ។
នៅក្នុងថ្ងៃពិសេសនេះ ជា សុជាតិ បានបង្ហាញពីស្នាមញញឹមពោរពេញដោយក្ដីសុខ និង បានរៀបរាប់លើហ្វេសប៊ុកយ៉ាងរំភើបថា ៖ «ខ្ញុំសូមអរគុណដល់អ្នកម៉ាក់លោកប៉ា លោកយាយលោកតា អ៊ំពូមីងបងប្អូន និង មិត្តភក្តិក្រុមការងារទាំងអស់ ដែលបានផ្តល់កិត្តិយសចំណាយពេលវេលាដ៏មានតម្លៃចូលរួមឱ្យពរឱ្យជ័យសម្រាប់ពួកយើងទាំងពីរនៅថ្ងៃនេះ»៕