សមគ្នាណាស់! អ្នកនាង ថន ដារ៉ា និង ឯកឧត្តម ឃី សុវណ្ណរតនា នៅក្នុងថ្ងៃភ្ជាប់ពាក្យ
អតីតពិធីការិនី និង ជាតារាសម្ដែងធ្លាប់ទទួលបានប្រជាប្រិយភាពពីមហាជន អ្នកនាង ថន ដារ៉ា បានសម្រេចចិត្តបើកបេះដូងទទួលយកស្នេហាថ្មីម្ដងទៀត ខណៈកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅ អ្នកនាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមម្ដងរួចមកហើយ ដែលអតីតស្វាមីអ្នកនាង គឺជាមន្រ្តីរាជការមានតំណែងខ្ពស់ម្នាក់ក្នុងជួររដ្ឋាភិបាលថៃ។
កាលទើបតែរៀបការហើយថ្មីៗ អ្នកនាង ថន ដារ៉ា ក៏បានធ្វើដំណើរទៅរស់នៅប្រទេសថៃជាមួយស្វាមី ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងឃើញអ្នកនាង ថន ដារ៉ា តែងបង្ហាញវត្តមានរស់នៅស្រុកខ្មែរវិញ និង ទៅចូលរួមកម្មវិធីផ្សេងៗជាមួយអ្នកនាង ថន លក្ខិណា ដែលជាប្អូនស្រី ព្រមទាំងម្ដាយរបស់អ្នកនាងកម្រខានណាស់ ធ្វើឱ្យមានការងឿងឆ្ងល់ពីសំណាក់អ្នកគាំទ្រថា ទំនងជាអ្នកនាង ថន ដារ៉ា មានរឿងរកាំរកូសក្នុងគ្រួសារ។
ទោះជាបែបនេះ កន្លងមក អ្នកនាង ថន ដារ៉ា មិនដែលបើកបង្ហាញជីវិតឯកជនថា អ្នកនាងបានលែងលះ និង រស់នៅក្នុងនាមជាស្រ្តីមេម៉ាយនោះទេ ទើបតែនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ អតីតពិធីការិនីដ៏ស្រស់សោភារូបនេះ បានចូលរោងភ្ជាប់ពាក្យយ៉ាងភ្ញាក់ផ្អើល ជាមួយឯកឧត្តម ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ក្រសួងការបរទេស ដែលធ្លាប់មានងារជាសម្ដេចព្រះមហាអរិយវង្ស និង ជាអតីតអគ្គលេខាធីការរងថេរសភាពុទ្ធសាសនា នៃកម្ពុជា និង ជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ។
ងាកមកទិដ្ឋភាពពិធីភ្ជាប់ពាក្យរបស់អ្នកនាង ថន ដារ៉ា និង ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា វិញ ឃើញថា ពោរពេញដោយស្នាមញញឹម ប្រកបដោយក្ដីសុខ ចំណែកឯអនាគតគូស្វាមីភរិយាថ្មីវិញ កូនក្រមុំជានារីទន់ភ្លន់មានសម្រស់ផូរផង់ រីឯកូនកំលោះជាបណ្ឌិតមានចំណេះដឹង មានកេរ្ដិ៍ឈ្មោះក្នុងសង្គម ទាំងគូពិតជាស័ក្ដិសមនឹងគ្នាណាស់៕