ស្រស់សោភាណាស់! បេក្ខភាព Miss Universal Woman 2024 ប្រមាណ ៥០ ប្រទេស គ្រងឈុតអប្សរាខ្មែរថតនៅអង្គរ
នៅក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ Miss Universal Woman ហើយខណៈនេះកម្មវិធីក៏កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញផងដែរ។ ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានឱ្យបេក្ខភាពបវរកញ្ញាទាំងអស់ដែលចូលរួមប្រកួតប្រមាណ ៥០ ប្រទេសស្លៀកនៅឈុតអប្សរាយ៉ាងស្រស់ស្អាតដើម្បីថតនៅទីតាំងប្រាសាទអង្គរវត្តដែលជាសម្បត្តិមរតកដ៏អស្ចារ្យនៃកម្ពុជា។
ងាកទៅមើលបេក្ខភាពប្រកួតវិញ ពួកគេហាក់មានក្តីរីករាយជាខ្លាំង ព្រោះបានគ្រងឈុតអប្សរាខ្មែរដែលដូនតាបានឆ្លាក់នៅលើប្រាង្គប្រាសាទដ៏មហស្ចារ្យជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងនោះ ចំពោះការគ្រងឈុតបុរាណខ្មែរនេះដែរ ក៏មិនមានភាពងាយស្រួលឡើយតែបេក្ខភាពនីមួយៗគឺពេញចិត្តខ្លាំងនូវសម្លៀកបំពាក់ខ្មែរ។
ក្រោយតុបតែងគ្រឿងរួចរាល់ គេឃើញថាបវរកញ្ញាទាំងអស់ពិតជាមានភាពស្រស់ស្អាតណាស់ ព្រោះថាសម្លៀកបំពាក់អប្សរាខ្មែរមានគ្រឿងតែងកាយច្រើនតាំងពីចុងជើងដល់ចុងសក់ដែលនាំឱ្យអ្នកដែលគ្រងមានសម្រស់ដូចទេពអប្សរស្រីសួគ៌ា។ យ៉ាងណាមិញ ងាកទៅមើលអ្នកគាំទ្រខ្មែរក៏បានសម្ដែងក្តីរីករាយផងដែរ ព្រោះថាកម្មវិធីប្រកួតនេះបានរួមចំណែកក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រកម្ពុជាទៅកាន់ពិភពលោក៕