អ្នកគាំទ្រថៃបានត្រឹមត្រេកអរខក ក្រោយល្បីថា Taylor Swift និង សង្សារ ចេញពីសិង្ហបុរី អាចនឹងទៅកម្សាន្តនៅថៃ
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ថាការប្រគំតន្រ្តីដ៏ធំរបស់កំពូលតារាចម្រៀង Taylor Swift គឺ The Eras Tour បានប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៩ មីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ដែលធ្វើឱ្យអ្នកគាំទ្រមកពីក្នុងតំបន់អាស៊ីជាច្រើនប្រទេសបាននាំគ្នាសម្រុកទិញសំបុត្រទស្សនាផ្ទាល់។
ការពិតណាស់ ការប្រគំតន្រ្តីមួយនេះ មិនត្រឹមតែលើកស្ទួយសេដ្ឋកិច្ចរបស់សិង្ហបុរីប៉ុណ្ណោះទេ ក្នុងនោះសូម្បីតែប្រទេសជិតខាង ដូចជាម៉ាឡេស៊ីជាដើម ក៏ទទួលបានផលប្រយោជន៍ដូចគ្នា ដែលនេះជាហេតុនាំឱ្យប្រទេសថៃចង់ឱ្យតារាស្រី Taylor Swift មកប្រទេសខ្លួនដែរ។
យ៉ាងណាមិញ បន្ទាប់ពីការប្រគំតន្ត្រីចប់ មហាជនថៃបានល្បីថា Taylor Swift និង គូស្នេហ៍នឹងទៅប្រទេសថៃដើម្បីដើរកម្សាន្តដែលព័ត៌មាននេះបាននាំឱ្យប្រជាជនថៃមួយចំនួនរំភើបជាខ្លាំង។ ដោយឡែក ព័ត៌មានចចាមអារ៉ាមដែលល្បីថា Taylor Swift និង គូស្នេហ៍នឹងទៅប្រទេសថៃនោះ ត្រូវបានស្រាយបំភ្លឺនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤នេះហើយ ដោយសារព័ត៌មានថៃជាច្រើនបានចុះផ្សាយច្បាស់ៗថា ៖ «ខណៈនេះ តារាស្រី Taylor Swift គឺបានត្រឡប់ទៅទីក្រុង Los Angeles វិញហើយ ដើម្បីទៅចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុន Gucci ពុំបានចូលប្រទេសថៃដូចដែលពាក្យចចាមអារ៉ាមឡើយ»៕