ព្រះនាងតូច ជេនណា បង្ហើបពីពាក្យសន្ទនាជាមួយ ឆម ស្រីផាច ពេលកញ្ញាឃើញសម្រស់រាជធានីភ្នំពេញ
នៅក្នុងឆ្នាំនេះព្រះនាងតូច នរោត្តម ជេនណា ចម្រើនវ័យ ១២ ព្រះវស្សាហើយ។ ក្នុងនោះកាលពីថ្ងៃចម្រើនព្រះវង្សាគេឃើញថាព្រះនាងមានការសប្បាយព្រះទ័យជាខ្លាំងព្រោះថាបានចុះធ្វើសប្បុរធម៌ជាមួយនឹងបងប្អូននៅម្តុំទីតាំងព្រះបរមរាជវាំង ហើយ អ្វីដែលពិសេសគឺមានការពញ្ញាក់អារម្មណ៍ពីអ្នកផលិតមាតិកាម្ហូប កញ្ញា ឆម ស្រីផាច រួមនឹងគ្រួសារ។
ក្នុងឱកាសចម្រើនព្រះវស្សានោះ គេឃើញថា ព្រះនាងតូច និង កញ្ញា ឆម ស្រីផាច បានដើរកម្សាន្តនៅទីក្រុងភ្នំពេញបង្កើតនូវអនុស្សាវរីយ៍ល្អៗឱ្យគ្នាទៅវិញទៅមក។ ដោយឡែក សម្រាប់កញ្ញា ឆម ស្រីផាច និង គ្រួសារក៏រំភើបដែរ ព្រោះបានមានឱកាសពិសាភោជនីយអាហារជាមួយនឹងសែស្រឡាយរាជ្យវង្ស។
យ៉ាងណាមិញ ព្រោះតែក្តីរំភើប និង សេចក្តីស្រឡាញ់ចំពោះកញ្ញា ឆម ស្រីផាច ក្នុងនោះព្រះនាងតូច បានបង្ហោះរូបភាពមួយសន្លឹកក្នុងកាយវិការជារូបបេះដូង ហើយសរសេរសារដ៏មានអត្ថន័យមួយទៅកាន់កញ្ញា ឆម ស្រីផាច ថា ៖ «ខួបកំណើតខ្ញុំឆ្នាំនេះពិតជាពិសេសបំផុត ដោយមានការរៀបចំដើម្បីឱ្យខ្ញុំភ្ញាក់ផ្អើលពីម្ចាស់ប្រ៊េនធំៗជាច្រើន ដែលខ្ញុំមិននឹកស្មាន ការរៀបចំមួយនេះធ្វើឱ្យខ្ញុំរំភើបឥតឧបមារកពាក្យអ្វីមកថ្លែងពុំបាន ហើយកាន់តែពិសេសនោះគឺ បងស្រីផាច និង ក្រុមគ្រួសារ បានខំធ្វើដំណើរតាំងពីខេត្តបន្ទាយមានជ័យមក ពញ្ញាក់អារម្មណ៍ ខ្ញុំដល់ភ្នំពេញ ហើយខ្ញុំក៏បានចំណាយពេលពេញមួយថ្ងៃជូនគាត់ដើរលេង គាត់បានពោលថាទីក្រុងភ្នំពេញពិតជាមានកន្លែងស្រស់ស្អាតជាច្រើនដែលគាត់មិនដែលបានឃើញពីមុន តែឥលូវបានមកជួបផ្ទាល់ហើយ ពិតជាប្លែកភ្នែកមែនទែន។ ខ្ញុំសង្ឃឹមថាមានមនុស្សកាន់តែច្រើននឹងចូលមកលេងដើម្បីបានឃើញថាប្រទេសកម្ពុជាពិតជាមានកន្លែងស្រស់ស្អាតច្រើនអនេកសម្រាប់ទស្សនាកម្សាន្ត»៕