មិនបន្ធូរដៃទេ! កៀកថ្ងៃប្រកួតនៅថៃ ល្អហួស សន្យាយ៉ាងមុតមាំនឹងនាំមកុដទីពីរមកកាន់កម្ពុជាឱ្យបាន
នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ កុមារី ជូលី ល្អហួស ដែលជាម្ចាស់មកុដ Miss Pre-Teen Cambodia 2024 នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមដណ្ដើមមកុដក្នុងកម្មវិធី Miss Pre-Teen International។
ដោយឡែក ក្រឡេកមកមើលកុមារី ល្អហួស វិញ ទន្ទឹមនឹងកៀកថ្ងៃប្រកួតនេះ គេឃើញថានាងបានត្រៀមខ្លួនរួចជាស្រេចមិនថាការហ្វឹកហាត់ផ្នែកភាសាបរទេស ការដើរម៉ូដ ឬ ក៏ការឆ្លើយសំណួរនោះទេ។ កុមារី ល្អហួស ជាបវរកញ្ញាវ័យក្មេងម្នាក់ដែលមានទាំងរូបសម្រស់ និង ចំណេះដឹង ហើយការប្រកួតលើកនេះ មហាជនបានដាក់ក្តីរំពឹងយ៉ាងខ្លាំងថានាងតូចរូបនេះនឹងអាចដណ្តើមបានមកុដទីពីរជាក់ជាពុំខាន បន្ទាប់ពីកុមារី ឃឿន ប៉ូលីកា តំណាងឱ្យកម្ពុជាដែលជាម្ចាស់មកុដកាលពីឆ្នាំមុន។
បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ កុមារី ជូលី ល្អហួស នាងតូចរូបនេះបានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថានឹងនាំយកជ័យជម្នះជូនមាតុភូមិកម្ពុជាឱ្យបាន។ ដោយនាងបានបង្ហោះរូបភាពសិស្សច្បង គឺកុមារី ឃឿន ប៉ូលីកា បំពាក់មកុដឱ្យ កាលនាងឈ្នះ Miss Pre-Teen Cambodia 2024 ហើយរៀបរាប់ថា ៖ «នាងខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការទទួលបានរូបភាពមួយនេះមកជូនប្រជាជនកម្ពុជាម្ដងទៀត»។
លើសពីនោះ ងាកទៅមើលឈុតតំណាងជាតិដែលនាងតូច ល្អហួស យកទៅបង្ហាញក៏ស្រស់ស្អាត និង មានអំណាចមិនធម្មតាដែរ ព្រោះនាងបានឱ្យដឹងថា ឆ្នាំនេះនឹងមានបង្ហាញឈុតធំមិនបន្ធូរដៃឡើយ ដែលនេះបានធ្វើឱ្យមហាជនអន្ទះសាចង់ឃើញកាន់តែខ្លាំង៕