លីន សោម៉ា សារភាពត្រង់ៗ ធ្លាប់តូចចិត្តរកអ្វីមិនសល់ដូចគេ ខណៈអ្នកដទៃមានផ្ទះមានឡានទំនើបជិះអស់
ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយតារាចម្រៀងស្រីរាងតូចច្រឡឹង លីន សោម៉ា ដែលជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៣។ បច្ចុប្បន្ន ស្រីស្រស់រូបនេះជាតារាចម្រៀងម្នាក់ដែលទទួលបានការគាំទ្រពីមហាជនតាមរយៈការច្រៀង Cover បទចម្រៀងផ្សេងៗដោយទឹកដមសំឡេងពីរោះរណ្ដំស្តាប់មិនចេះជិនណាយ។
ជាមួយនឹងអាជីពជាតារាចម្រៀងនេះ បានធ្វើឱ្យគ្រួសាររបស់កញ្ញា លីន សោម៉ា មានភាពល្អប្រសើរច្រើន ដ្បិតថាមិនមានអ្វីសល់ជាដុំកំភួនក៏ដោយ។ យ៉ាងណាមិញ ថ្មីៗនេះ ស្រីស្រស់ លីន សោម៉ា បានបង្ហោះសារមួយបង្ហាញពីការលើកទឹកចិត្ត ដោយហេតុថានាងជាមនុស្សម្នាក់ធ្លាប់តូចចិត្តព្រោះជីវិត និង ជីវភាពមិនល្អប្រសើរដូចគេ។
តាមរយៈការសរសេរបង្ហោះលើគណនីហ្វេសប៊ុក ស្រីស្រស់ លីន សោម៉ា បានបង្ហាញអារម្មណ៍ថា ៖ «មនុស្សមួយចំនួនតូចក្នុងនោះក៏ធ្លាប់មានខ្ញុំដែរ ដែលធ្លាប់តូចចិត្តនឹងជីវិតខ្លួនឯង ហេតុអីរកមិនសល់ដូចគេ គេមានផ្ទះសល់ឡាន គេទិញនេះទិញនោះ មើលខ្លួនឯងវិញមិនមានសល់អីដូចគេសោះ។
យើងត្រូវដឹងថាក្នុងគ្រួសារនីមួយៗ មានបន្ទុករៀងៗខ្លួន យើងរស់នៅតាមលទ្ធភាពរបស់យើង ពេញចិត្តអ្វីដែលឪពុកម្ដាយយើងបានបន្សល់ឱ្យ ដូច្នេះកុំតូចចិត្តហើយប្រៀបធៀបខ្លួនឯង និង គេ ឬចង់ឱ្យខ្លួនឯងដូចអ្នកនេះដូចអ្នកនោះ យើងគួរប្រៀបធៀបខ្លួនឯងពីមុនហើយ និង ឥលូវវិញថាតើ យើងបានផ្លាស់ប្ដូរអ្វីបានខ្លះហើយ ទោះមិនបានសល់អ្វីធំដុំ យ៉ាងហោចយើងបានផ្គត់ផ្គង់គ្រួសារ និង ខ្លួនឯងរាល់ថ្ងៃមិនឱ្យពិបាកដេកអត់ឃ្លាន ហើយសល់មនុស្សរាប់អានល្អៗ សល់ភាពស្មោះត្រង់ ជាពិសេសសល់ភាពរឹងមាំ និង ភាពតស៊ូស្រឡាញ់អ្វីដែលជាយើងខ្លួនឯង»៕