និពន្ធបទចម្រៀងផ្អែមៗពូកែថ្នម តែពេលដឹង ខាយ សុំស្នេហ៍គូដណ្ដឹងដំបូងៗ គាំងស្ដូក
ប្រិយមិត្តដែលនិយមចូលចិត្តតាមដានស្ដាប់បទចម្រៀងបែបយុវវ័យសម័យ ភាគច្រើនបានស្គាល់ហើយថា លោក ខាយ គឺជាតារាចម្រៀងសម័យថ្មីដ៏មានប្រជាប្រិយភាពមួយរូប ដោយលោកមិនត្រឹមតែមានមុខមាត់សង្ហា មានរូបរាងខ្ពស់ស្រឡះទេ សូម្បីតែសំឡេងក៏ពីរោះ ការនិយាយស្ដីទន់ភ្លន់ ចំណែកឯបទចម្រៀងវិញ ក៏ពោរពេញដោយមនោសញ្ចេតនាផ្អែមល្ហែម។
ដ្បិតថា ខាយ សង្ហាមានមន្តស្នេហ៍ តែគួរឱ្យសោកស្ដាយសម្រាប់សុភាពនារីទាំងឡាយ ព្រោះថាតារាចម្រៀងប្រុសរូបនេះមានគូដណ្ដឹងរួចទៅហើយ ដោយលោក និង កូនក្រមុំអ្នកសៀមរាបឈ្មោះ មុន្នីនាថ ស៊ីនឌី បានភ្ជាប់ពាក្យជាមួយគ្នាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
និយាយដល់រឿងស្នេហា ប្រិយមិត្តដែលចូលចិត្តស្ដាប់បទចម្រៀងរបស់ ខាយ ភាគច្រើន ច្បាស់ជាយល់ថា លោកជាបុរសសម្ដីផ្អែម ពូកែលួងលោមថ្នមចិត្តមនុស្សស្រីមិនខាន ជាពិសេសពេលសុំស្រឡាញ់ដំបូងៗ តែក្នុងជីវិតជាក់ស្ដែង ពេល ខាយ សុំស្នេហ៍គូដណ្ដឹងដំបូង គឺលោកមិនបានបញ្ឆិតបញ្ឆៀងច្រើនទេ បន្ទាប់ពីអ្នកទាំងពីរណាត់ជួបគ្នាបានម្ដងរួចមក ខាយ ក៏បានផ្ញើសារទៅសុំស្នេហ៍គូដណ្ដឹងត្រង់ៗថា ៖ «បើសិនជាអូនឯងនៅទំនេរ ហើយមានចិត្តស្រឡាញ់បងដែរ ពួកយើងធ្វើសង្សារគ្នាហ្មងទៅ?»។
បន្ទាប់មកខាងស្រីក៏យល់ព្រម ហើយពួកគេទាក់ទងគ្នាជាសង្សារមិនប៉ុន្មានខែ ក៏រៀបរាប់ភ្ជាប់ពាក្យតាមប្រពៃណី អញ្ជើញចាស់ទុំសាច់ញាតិឱ្យដឹងឮតែម្ដង៕