ឈុំ ចាន់ដារ៉ា គ្រងតំណែង Miss Supranational Cambodia 2024 បន្ទាប់ពី លីវ ជីលី
នៅឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតសម្រស់បវរកញ្ញាដ៏ធំនៅកម្ពុជា Miss Supranational Cambodia 2024 គឺពុំបានធ្វើការប្រកួតនៅលើឆាកឡើយ ដោយគណៈគ្រប់គ្រងនៃកម្មវិធីនេះប្តូរមកជាការសម្ភាសជ្រើសរើសបេក្ខភាព និង ប្រកាសម្ចាស់មកុដតំណាងឱ្យកម្ពុជាតែម្តងអាស្រ័យលើការដាក់ពិន្ទុពីគណៈកម្មការ និង គណៈគ្រប់គ្រងកម្មវិធី។
ក្នុងនោះ បន្ទាប់ពីឆ្លងកាត់ការសម្ភាសមក កម្មវិធីក៏បានរកឃើញម្ចាស់មកុដថ្មីប្រចាំឆ្នាំ ២០២៤ បន្ទាប់ពីកញ្ញា លីវ ជីលី ហើយគឺបានទៅលើតារាសម្ដែងស្រី ឈុំ ចាន់ដារ៉ា ដែលជាបេក្ខភាពមួយរូបមានទាំងសម្រស់ និង ចំណេះដឹងល្អ។ តាមការបង្ហោះពីគណនីហ្វេសប៊ុកផេក Miss Supranational Cambodia បានឱ្យដឹងថាតារាសម្ដែងស្រី ឈុំ ចាន់ដារ៉ា មានអាយុ ២៤ ឆ្នាំ ទម្ងន់ ៥០ Kg កម្ពស់ ១៧០ Cm រស់នៅរាជធានីភ្នំពេញ គឺជាបេក្ខភាពគ្រងមកុដឆ្នាំនេះ។
ទន្ទឹមនឹងទទួលបានតំណែងជា Miss Supranational Cambodia 2024 នេះ កម្មវិធីនឹងធ្វើការបំពាក់មកុដឱ្យនាពេលឆាប់ៗខាងមុខនេះផងដែរ។ ដោយឡែក ងាកទៅមើលមហាជនវិញ ក៏មិនមានការប្រតិកម្មដែរទោះបីមិនបានរៀបចំការប្រកួតលើឆាកក៏ដោយ នេះក៏ព្រោះថាតារាសម្ដែងស្រី ឈុំ ចាន់ដារ៉ា មានរូបសម្រស់ស្រស់ស្អាត មានទេពកោសល្យល្អ មានចំណេះដឹងស័ក្តិសមតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិយ៉ាងពិតប្រាកដ៕