ទាយាទទី ២ ឱក សុគន្ធកញ្ញា មុខមាត់ឃ្យូតមិនចាញ់បងប្រុសទេ ឯឈ្មោះវិញក៏ពីរោះ
នៅល្ងាចថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ នេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញមុខកូនប្រុសទី ២ នៅលើបណ្ដាញសង្គមហ្វេសប៊ុកហើយ ដែលទាយាទទី ២ របស់អ្នកនាង និង ស្វាមី មានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់មិនចាញ់អូន ឆលី ជាបងប្រុសនោះទេ។
ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានដាក់ឈ្មោះឱ្យកូនប្រុសជាទីស្រឡាញ់ហៅថា Mr. Presley ទៀតផង។ ជាមួយអារម្មណ៍ដ៏រំភើបនឹងទទួលបាន ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារយ៉ាងរំភើបថា ៖ «ការទន្ទឹងរង់ចាំក៏បានមកដល់ ពេលនេះខ្ញុំមានសមាជិកថ្មីម្នាក់ទៀតហើយ !!! ស្វាគមន៍កូននាគ Baby Mr. Presley របស់Mommy មកកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ ។ សូមឱ្យកូនមានសុខភាពល្អ ប្រាជ្ញាឈ្លាសវ៉ៃ ការចម្រើនវ័យដោយគុណធម៌ សច្ចៈធម៌ និងសេចក្តីល្អ»។
លើសពីនេះ ឱក សុគន្ធកញ្ញា ក៏បានរៀបរាប់ទៀតថា ៖ «Mommy, Daddy និង Charlie ពិតជាសប្បាយចិត្តខ្លាំងណាស់ ពួកយើងរង់ចាំកូនយូរហើយ ទីបំផុតកូនមកតាមការណាត់ជួប ។ We all love you…!!!»៕