(វីដេអូ) រំភើបជំនួស! អ្នកគាំទ្រខ្លាំងខ្មែរម្នាក់សម្រេចក្តីស្រមៃ ខំរៀនភាសាកូរ៉េ និង ជិះយន្តហោះទៅជួប YoonA ដល់ហ្វីលីពីន
កាលពី ១០ ឆ្នាំជាងមុន បើនិយាយពីវិស័យ K-Pop ច្បាស់ណាស់ប្រិយមិត្តប្រាកដជាស្គាល់ជាមួយក្រុមនារី Girls’ Generation ឬ ហៅកាត់ថា SNSD ដោយក្នុងក្រុមនារីនេះដែរ មានសមាជិកទាំងអស់ ៩ នាក់។
ដោយឡែក កាលពីពេលថ្មីៗនេះ YoonA ដែលជាសមាជិកនៃក្រុមនេះ មានកម្មវិធី Fan Meeting នៅលើទឹកដីនៃប្រទេសហ្វីលីពីន។ ក្នុងនោះដែរ អ្វីដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះ គឺវត្តមានរបស់អ្នកគាំទ្រម្នាក់ជាជនជាតិខ្មែរបានឡើងទៅលើឆាក ដើម្បីជួបនិយាយជាមួយ YoonA ដោយផ្ទាល់ និង ថតរូបផងដែរ។
ជាការពិតណាស់ អ្នកគាំទ្រដែលមានសំណាងបានឡើងទៅជួបនិយាយផ្ទាល់ ព្រមទាំងថតរូបជាមួយ YoonA មានគណនីហ្វេសប៊ុកឈ្មោះ Kokking Eung ហើយរូបលោកក៏បានរៀបរាប់ថា ៖ «ខ្ញុំរៀនភាសាកូរ៉េនេះ ក៏ដោយសារតែ ១០ ឆ្នាំមុនខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ ហើយជិះយន្តហោះពីកម្ពុជាមកទីនេះក៏ដោយសារតែចង់ជួបអ្នក»។
តារាចម្រៀង និង សម្ដែង YoonA ក៏បានឆ្លើយតបទៅវិញថា ៖ «ខ្ញុំស្មានថាអ្នកជាជនជាតិកូរ៉េ អ្នកនិយាយបានល្អណាស់ ហើយអរគុណដែលជិះយន្តហោះពីចម្ងាយដើម្បីមកជួបខ្ញុំនៅទីនេះ ពិតជាអរគុណខ្លាំងណាស់»៕