កក្រើកហើយ! មិនបោះបង់មហិច្ឆតា ហួន ស្រីខួច ត្រៀមខ្លួនវិលមកដណ្ដើមមកុដបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២៤
កាលពីពេលថ្មីៗកន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe Cambodia បានចេញមកបង្ហោះថានៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ កម្មវិធីនឹងបើកទទួលពាក្យប្រកួតប្រជែងហើយ ដើម្បីបេក្ខភាពដែលមានបំណងចង់ចូលរួមប្រកួតត្រៀមខ្លួនដាក់ពាក្យ។
យ៉ាងណាមិញ ទន្ទឹមនឹងការប្រកាសទទួលពាក្យពីកម្មវិធី Miss Universe Cambodia គេឃើញមហាជនហាក់ការភ្ញាក់ផ្អើលជាខ្លាំង ដោយបេក្ខភាពជើងខ្លាំងក្នុងវិស័យបវរកញ្ញា ហួន ស្រីខួច បានប្រកាសត្រៀមខ្លួនទៅដណ្ដើមមកុដបវរកញ្ញាចក្រវាល ២០២៤ ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួន។
យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុករបស់កញ្ញា ហួន ស្រីខួច បានសរសេរថា ៖ «បើមានពេលវេលាគ្រប់គ្រាន់ និង មានឱកាស ខ្ញុំចង់ត្រឡប់ទៅប្រឡងបវរកញ្ញា MUC វិញ ដើម្បីបំពេញក្ដីស្រមៃម្ដងទៀត»។ ទន្ទឹមបង្ហើបដំណឹងនេះ គេឃើញថាមានមហាជនជាច្រើនសម្ដែងការគាំទ្រ ព្រោះកញ្ញា ហួន ស្រីខួច ជាបវរកញ្ញាម្នាក់មានបទពិសោធច្រើន រូបសម្រស់ក៏ស្រស់ស្អាត ចំណេះដឹងផ្នែកភាសាអង់គ្លេសក៏ល្អស័ក្តិសមជាបវរកញ្ញាចក្រវាលតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។
គួរឱ្យដឹងផងថា កញ្ញា ហួន ស្រីខូច ជាលំដាប់រងទី ២ Miss Cambodia ឆ្នាំ ២០២១ នៅឆ្នាំ ២០២២ នាងបានចូលរួមប្រកួតបវរកញ្ញាចក្រវាលទទួលបាន Top កំពូល ១០ នាក់ចុងក្រោយ និង នៅឆ្នាំ ២០២៣ ស្រីស្រស់រូបនេះបានចូលរួមប្រកួត Miss Supranational Cambodia ទទួលបានលំដាប់រងទី ២ ហើយបច្ចុប្បន្នជាតារាសម្ដែងម្នាក់ដែលពេញដោយទេពកោលស្យផងដែរ៕