តារាស្រីថៃ ៤ ដួង ធ្លាប់តែមានសាច់ឈាមស្រស់ស្អាត តែពេលនេះប្រែជាស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹង
មួយរយៈនេះមហាជនសង្កេតឃើញថាមានតារាស្រីថៃច្រើនដួងបានប្រែប្រួលរូបរាងស្គម ហើយអ្នកខ្លះទៀតស្គមស្គាំងដល់ថ្នាក់ឃើញតែស្បែក និង ឆ្អឹងថែមទៀតផង រហូតពេលបង្ហោះរូបភាពម្តងៗទទួលបានពាក្យរិះគន់ និង ព្រួយបារម្ភពីអ្នកគាំទ្រជាហូហែ។ នៅក្នុងចំណោមតារាស្រីទាំងនោះ មានតារាស្រី ៤ ដួង ដែលគេសង្កេតឃើញមានភាពស្គមស្គាំងខ្លាំងស្ទើរតែនៅសល់ស្បែកគ្របឆ្អឹង។
១. តារាសម្ដែងស្រី Mai Davika
ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលកន្លងទៅ តារាសម្ដែងស្រី Mai Davika ត្រូវបានមហាជនអ្នកគាំទ្រផ្ទុះការជជែកវែកញែកព្រោងព្រាត បន្ទាប់ពីសម្រកទម្ងន់ចេញរូបរាងស្គមស្គាំងខ្លាំងស្ទើរសល់តែស្បែកដណ្ដប់ឆ្អឹង ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តនាងជាខ្លាំង រហូតដល់ថ្នាក់ត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យចិត្តសាស្ត្រ។ ហេតុផលដែលនាងស្គមគឺនាងសម្រកគីឡូដើម្បថតរឿង តែពេលនេះក្រោយពីថតចប់សភាពរូបរាងរបស់នាងបានត្រឡប់មកមានសាច់ឈាមវិញបណ្ដើរៗហើយ។
២. តារាសម្ដែងស្រី Janie Tienphosuwan
Janie Tienphosuwan គឺកំពូលតារាស្រីម្នាក់ដែលមានសមត្ថភាពខ្លាំង និង ទទួលបានការសរសើរពីមហាជនអ្នកគាំទ្រ ជាពិសេសទៅលើរូបសម្រស់ ដោយនាងនៅតែស្រស់ស្អាតស្បែកសហ្មត់រលោងគ្មានស្នាមជ្រីវជ្រួញ។ ដោយឡែក កាលពីថ្មីៗនេះតារាស្រី Janie បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបរាងរបស់នាងហាក់ស្គមស្គាំង ពោលគឺសល់តែស្បែក និង ឆ្អឹង ដែលធ្វើឱ្យមហាជនងឿងឆ្ងល់ និង អ្នកខ្លះផ្ទុះការរិះគន់ថែមទៀតផង។ ក្នុងនោះ សម្រាប់មូលហេតុនៃការស្គមគឺមកពីនាងចង់ផ្លាស់ប្តូរខ្លួនឯង នាងពេញចិត្តនូវរូបរាងស្គមដែលនាងមានសព្វថ្ងៃ។
៣. តារាសម្ដែងស្រី Bitoey Rsiam
យ៉ាងណាមិញ បើងាកមកមើលតារាស្រី Bitoey វិញ រូបរាងរបស់នាងពេលនេះវិញស្ទើរតែគ្មានកម្លាំងឡើយ ស្គមស្គាំងខ្លាំងដោយគីឡូសល់ប្រមាណ ៣៧ គីឡូតែប៉ុណ្ណោះ។ ក្នុងនោះ មហាជនក៏បានសម្ដែងក្តីបារម្ភចំពោះនាងដូចគ្នា ព្រោះថាកាលមុននាងមានរូបរាងស្រស់ស្អាត និង មានសាច់ឈាមល្អ តែដោយសារជាប់គុករយៈពេល ៤ ខែ នាំឱ្យនាងជួបវិបត្តិផ្លូវចិត្តធ្លាក់ខ្លួនស្គមស្គាំង។
៤. តារាសម្ដែងស្រី Kitty Chicha
ដោយឡែក នៅពេលនេះមានមហាជនអ្នកគាំទ្រជាច្រើនកំពុងតែចាប់អារម្មណ៍លើតារាសម្ដែងស្រី Kitty Chicha ឬ មហាជនស្គាល់ថាជាតួអង្គនាង Nanno ក្នុងរឿង «Girl From Nowhere» ដែលពេលនេះរូបរាងរបស់នាងគឺប្រែប្រួលទៅជាស្គមស្គាំងខ្លាំងនឹកស្មានពុំដល់ ពោលគឺរាងកាយផុសឃើញនូវគ្រោងឆ្អឹងតែម្តង។ ជាមួយនឹងសភាពរូបរាងស្គមគ្មានសាច់ឈាមនេះ មហាជនអ្នកគាំទ្រនាងមួយចំនួនបានសម្ដែងក្តីព្រួយបារម្ភចំពោះសុខភាពរបស់នាង ព្រោះបើតាមការសន្និដ្ឋានស្រីស្រស់រូបនេះអាចនឹងសម្រកទម្ងន់ដើម្បីថតរឿងអ្វីមួយជាក់ជាពុំខាន៕