ចូលសិល្បៈ ៨ ឆ្នាំ នី រតនា រាប់អានជិតដិតនឹងអ្នកសិល្បៈចាស់ថ្មី ឱ្យតែមានកម្មវិធីម្ដងៗ លេចមុខសុទ្ធតែតារាល្បីចូលរួម
ធ្មេចបើកៗតែមួយភ្លែតសោះ គិតមកដល់ពេលនេះ តារាចម្រៀងដែលជាលោកប៉ារូបសង្ហា នី រតនា បានប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ៨ ឆ្នាំហើយ ដោយកាលពីចូលសិល្បៈដំបូងៗ ទស្សនិកជនភាគច្រើននៅតែចងចាំមិនភ្លេចថា លោកបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ១ រហូតក្លាយជាម្ចាស់ពានរង្វាន់។
លោក នី រតនា បានរៀបការជាមួយភរិយាឈ្មោះ ហេង សុវណ្ណភក្ដិណា នៅដើមឆ្នាំ ២០១៩ ដែលមង្គលការរបស់អ្នកទាំងពីរ បានរៀបចំឡើងយ៉ាងអធិកអធមសម្បើមណាស់ ហើយចាប់តាំងពីរកាន់ដៃគ្នាជាប្ដីប្រពន្ធមក អ្នកទាំងពីរទទួលបានកូនប្រុសស្រីចំនួន ៣ នាក់ហើយ ដោយកូនភ្លោះទាំងពីររបស់ពួកគេ ទើបតែសម្រាលនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។
នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នី រតនា និង ភរិយារូបស្រស់ បានរៀបចំពិធីបង្កក់កូនភ្លោះ និង ខួបកំណើតកូនស្រីច្បងក្នុងថ្ងៃតែមួយ ដោយកម្មវិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស អ្នកមានមុខមាត់ក្នុងសង្គម ជាពិសេសគឺវត្តមានសិល្បករ សិល្បការិនីល្បីៗក្នុងប្រទេសជាច្រើន បានបង្ហាញវត្តមានអបអរសាទរ ក៏ដូចជាស្វាគមន៍សមាជិកកូនភ្លោះទាំងពីររបស់លោក នី រតនា។
នៅវ័យក្មេងនៅឡើយ ប៉ុន្ដែប្ដីប្រពន្ធលោក នី រតនា ក្លាយជាប៉ាម៉ាក់របស់កូនៗដល់ទៅ ៣ នាក់ទៅហើយ។ អ្វីដែលគួរឱ្យសរសើរ អ្នកទាំងពីរកប្រឹងប្រែងរកស៊ី រស់នៅក្នុងផ្ទះទ្រនំខ្ពស់ ជិះសុទ្ធរថយន្តទំនើប មានជីវិតធូរធារសម្បូរសប្បាយ មានការស្រឡាញ់រាប់អានយ៉ាងជិតដិតពីរៀមច្បង និង សិស្សប្អូនក្នុងចង្កោមសិល្បៈ៕