ជាតារាជំនាន់ថ្មី តែកំលោះសង្ហាមុខមានស្នេហ៍ ឡៅ បញ្ញា ប្រកាន់ខ្ជាប់មិនផឹក មិនជក់ និង មិនចាក់សាក់ដាច់ខាត
ត្រឹមតែប៉ុន្មានឆ្នាំសោះ ឥឡូវនេះ ឡៅ បញ្ញា ដែលគេស្គាល់ថាជាអ្នកសម្តែងគុននៅមហោស្រពអាណាចក្រអង្គរខេត្តសៀមរាប បានក្លាយជាតារាសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងចិត្តមហាជន។ លោកបានប្រឡូកការសម្តែងរឿងភាគ និង រឿងដុំជាច្រើន ហើយតួអង្គដែលលោកសម្តែងភាគច្រើនជាតួអង្គបែបអ្នកក្លាហាន ឬ អ្នកប្រយុទ្ធជាដើម ដោយសារលោកមានទេពកោសល្យទៅលើគុនពហុជំនាញ និង បានហាត់គុនត្រឹមត្រូវចេញពីសាលា រាប់តាំងពីហាត់តៃក្វាន់ដូ ហាត់ប្រដាល់ និង គុនល្បុក្កតោ។
សម្រាប់ជីវិតសិល្បៈប្រចាំថ្ងៃ ថ្វីបើល្បីឈ្មោះនៅក្នុងពិភពសិល្បៈក្តី ប៉ុន្តែ ឡៅ បញ្ញា ម្ចាស់ជ័យលាភីបុរសឯកកម្មវិធី Mister Supra International 2022 រូបនេះ នៅតែប្រកាន់ខ្ជាប់ជំហរមិនភ្លេចកំណើតខ្លួន និង មិនអំនួតលើខ្លួនឯងឡើយ។
អ្វីដែលសំខាន់ទៀតនោះ លោកជាតារាប្រុសខុសស្រឡះពីតារាប្រុសដទៃ ពោលលោកប្រកាន់ខ្ជាប់ការមិនផឹកស្រា មិនជក់បារី និង មិនចាក់សាក់។ ការធ្វើដូចនេះ លោកចង់ធ្វើជាគំរូដ៏ល្អទៅកាន់កូនខ្មែរគ្រប់រូប ម្យ៉ាងវាល្អចំពោះសុខភាព។ លោកថាសុខភាពពិតជាសំខាន់ខ្លាំងណាស់ បើសុខភាពមិនល្អ យើងធ្វើអ្វីក៏មិនកើត ទោះមានលុយតែឈឺ ក៏មិនសប្បាយចិត្តដែរ។ ហេតុនេះហើយរៀងរាល់ថ្ងៃ ក្រៅពីការងារសម្តែង លោកយកពេលទាំងប៉ុន្មានទៅថែទាំសុខភាពដូចជា ហូបតែអាហារល្អៗ ជាពិសេសលេងកីឡាគ្រប់ប្រភេទដើម្បីរាងកាយមាំមួន៕