ទម្លាយប្រវត្តិសិក្សាតារាស្រី ជីមមី មុនក្លាយជាពិធីការិនីអាជីព និង អ្នកជំនួញល្បីឈ្មោះនៅស្រុកខ្មែរ
បច្ចុប្បន្ន ពិធីការិនី និង ម៉ូឌែល ជីមមី (Jimmy) ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថា ជានាយកប្រតិបត្តិ និង ជាស្ថាបនិកនៃម៉ាកយីហោផលិតផលសម្រស់ Callalilly ដែលកំពុងមានទីផ្សារទាំងក្នុង និង ក្រៅប្រទេស។ ប្រឡូកសិល្បៈក្បែរដប់ឆ្នាំរហូតក្លាយជាអ្នកជំនួញ ដើមឡើយ ជីមមី ក៏មានប្រវត្តិការសិក្សាមិនធម្មតាផងដែរ។
បើនិយាយពីជីវប្រវត្តិ ពិធីការិនី ជីមមី (Jimmy) នាងមានឈ្មោះពិតពេញថា ម៉េង ឃុននី មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ជាកូនស្រីច្បងនៃប្អូនប្រុសតែម្នាក់ ដែលមានឪពុកម្តាយប្រកបរបរបើកភោជនីយដ្ឋានម្ហូបខ្មែរថៃនៅឯជាយដែនកម្ពុជាថៃ។ ចំពោះការសិក្សា ក្រោយរៀនចប់ថ្នាក់បាក់ឌុប នាងបានឡើងទៅបន្តការសិក្សាផ្នែកអក្សរសាស្ត្រថៃ នៅសាកលវិទ្យាល័យជូឡាឡុងកន។ ក្រោយរៀនចប់ត្រឡប់មកស្រុកខ្មែរបានមួយឆ្នាំ ដោយមានអ៊ំធ្វើការនៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន (PNN) ជីមមី បានដាក់ពាក្យចូលធ្វើជាពិធីការិនីកម្មវិធីព័ត៌មានសិល្បៈកម្សាន្ត ដោយបានចាប់ផ្តើមការងារដំបូងនៅ ខែ កក្កដា ឆ្នាំ ២០១៥ ហើយក៏ចេះតែវិវឌ្ឍន៍កាន់កម្មវិធីតូចធំជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។
រំឭកអំឡុងរៀននៅប្រទេសថៃ ជីមមី ក៏ធ្លាប់ចូលហ្វឹកហាត់ដើរម៉ូដវគ្គខ្លី និង បានប្រឡូកការងាររកកម្រៃនៅទីនោះសម្រាប់ផ្គត់ផ្គង់ការសិក្សាផងដែរ។ ក្រៅពីចំណេះដឹងផ្នែកភាសាថៃ ជីមមី អាចនិយាយភាសាអង់គ្លេស និង ភាសាចិនបានយ៉ាងស្ទាត់ជំនាញ នេះក៏ព្រោះកាលរស់នៅស្រុកខ្មែរ នាងបានសិក្សាភាសាចិននៅសាលាទួនហ្វាដល់ថ្នាក់ទី ៨ និង បញ្ចប់ការសិក្សាភាសាអង់គ្លេសនៅសាលាអន្តរជាតិ EESS។
សមត្ថភាពនិយាយបានច្រើនភាសា បានរុញច្រានឱ្យពិធីការិនីកម្ពស់ ១,៧៥ ម៉ែត្រ រូបនេះឈោងចាប់ឱកាសការងារល្អៗជាច្រើនយ៉ាងងាយស្រួល។ ជាក់ស្តែង កន្លងមកនាងធ្លាប់ធ្វើពិធីការិនីក្នុងកម្មវិធីធំៗនៅប្រទេសថៃ ឡាវ ភូមា និង ប៊្រុយណេ ជាដើម។ កម្មវិធីនីមួយៗជួនគេតម្រូវឱ្យនាងនិយាយពីរទៅបីភាសាក៏មាន។ អាចនិយាយបានថា ក្រៅពីជោគជ័យលើវិថីសិល្បៈ ឥឡូវនេះពិធីការិនី ជីមមី បានវិវឌ្ឍន៍ខ្លួនមួយជំហានទៀតក្លាយជាអ្នកជំនួញស្រីដ៏ជោគជ័យម្នាក់ផងដែរ៕