ក្តៅគគុក! Yang Mi រងការរិះគន់ដូចព្យុះ ក្រោយធ្វើទង្វើមិនគប្បីរត់យកប្រាសអាយូសចោលជំនួយការ
យោងតាមការចុះផ្សាយរបស់ China Times កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា តារាសម្ដែងស្រី Yang Mi កំពុងមានរឿងចម្រូងចម្រាសមួយ បន្ទាប់ពីនាងប្រើកាយវិការមិនសមរម្យ និង ព្រងើយកន្តើយដាក់ជំនួយការស្រីរបស់នាង ហើយវីដេអូនេះបានបង្ហោះនៅលើបណ្តាញសង្គមចិន មានការចែករំលែកជាច្រើន។
នៅក្នុងឃ្លីបនោះដែរ បង្ហាញឱ្យឃើញថា Yang Mi បានដើរចុះពីឡានហើយស្រវាកាន់ឆ័ត្រពីជំនួយការរបស់នាង ហើយរត់តំរង់ទៅកាន់ស្ទូឌីយោ ដោយមិនបានខ្វល់ថាជំនួយការនាងទទឹកភ្លៀងរត់តាមក្រោយនាងនោះទេ។
យ៉ាងណាមិញ ក្រោយពីវីដេអូនេះបានចែកចាយពេញនៅលើបណ្តាញសង្គមចិន ក៏មានមនុស្សភាគច្រើនបានចោទសួរថា ហេតុអ្វីបានជា Yang Mi រត់យករួចខ្លួនតែម្នាក់ឯងមិនចាំជំនួយការនាង។ លើសពីនេះ ក៏មានមតិរិះគន់ថា គិតតែខ្លួនឯងមើលងាយបុគ្គលិកធម្មតា។
ទោះជាយ៉ាងណា ក៏មានមតិមួយចំនួនទៀត បើនិយាយការពារនាងថា ដោយសារតែភ្លៀងមិនខ្លាំងទើបបានជា Yang Mi បាំងឆ័ត្ររត់ទៅម្នាក់ឯង។ មួយវិញទៀត នាងមិនចង់ឱ្យសើមខូច Makeup ដែលបានផាត់រួច ហើយអ្នកជំនួយការនាងក៏មិនសូវជាចាំបាច់ប្រើឆ័ត្រនោះដែរ ដូច្នេះកុំរិះគន់ Yang Mi ក្នុងស្ថានភាពមិនសមហេតុផលបែបនេះ៕